ថ្លៃងក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នៅព្រឹកថ្ងៃទី២៦ មករានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បទល្មើសបច្ចេកវិទ្យាដែលជាបទល្មើសថ្មី ជាក្តីកង្វល់ដែលកំពុងកើតមានឡើងដូចជាការ Hack លួចឯកសារនៅធនាគារ ការលួចឯកសារនៅស្ថាប័នរដ្ឋ ឬករណីបំភ្លៃនូវសារ ឬបទបញ្ជាណាមួយរបស់ថ្នាក់ដឹកនាំ។
សម្តេច ស ខេង បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យា ជាបទល្មើសមិនប្រពៃណី ដោយសម្តេចបានពន្យល់យ៉ាងច្បាស់ថា វាជាករណីបទល្មើសថ្មីមួយ ខុសពីបទល្មើសប្រពៃណី ដែលធ្លាប់កើតមានពីមុនមកមានដូចជា ករណីចោរលួច ចោរឆក់ ប្លន់ និងគ្រឿងញៀនជាដើម។ ក្នុងន័យនេះ សម្តេចបានសង្កត់ធ្ងន់ថា ត្រូវតែដឹកនាំមន្ត្រីនគរបាលជំនាញ និងលើកទឹកចិត្ត ដើម្បីខិតខំរកវិធីគ្រប់បែបយ៉ាងទប់ស្កាត់បទល្មើសនេះព្រោះវាក៏ជាគ្រោះថ្នាក់មួយផងដែរ។
ក្រៅពីនេះ សម្តេចក្រឡាហោម ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយទៀតផងដែរ គឺបញ្ហាចរាចរណ៍ ដែលសម្តេច បានលើកឡើងថា បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកោតសរសើរ តែដោយឡែកមួយរយៈចុងក្រោយនេះ បើតាមរបាយការណ៍គឺមានការកើនឡើងជាលំដាប់ បន្ទាប់ពីមានការបើកប្រទេសឡើងវិញ៕