រូបភាពនៃការប្រឧបាយកល ទុច្ចរិតបោកប្រាស់តាមបណ្ដាញសង្គមហ្វេសប៊ុក កំពុងលេចរូបរាងឡើងជាហូរហែ សូមបងប្អូនប្រិយមិត្តអ្នកអាន បង្កើនការប្រុងប្រយ័ត្ន និងចែករំលែកល្បិចបោកថ្មី ដែលជនអនាមិកទាំងនោះកំពុងល្មើសច្បាប់យ៉ាងគឃ្លើន និងអនាធិបតេយ្យ។
ថ្មីៗនេះ មានករណីនៃការបន្លំ បញ្ឆោតភ្នែកសាធារណៈជនលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោមរូបភាពនៃការយករូបដើមហាងលក់ទូរស័ព្ទដៃ ឬឈ្មោះហាងអាជីវកម្មផ្លូវការផ្សេងៗទៀតរបស់ម្ចាស់ដើមគេ ទៅបង្កើតជាផេកផ្សេង (ប្រើរូបភាពម្ចាស់ដើម) ហើយដូរមកដាក់លេខទូរស័ព្ទខ្លួនឯង (ជនទុច្ចរិត) រួមទាំងបង្កើតគ្រុបតេឡេក្រាមដាច់ដោយឡែក ពេលអតិថិជនយល់ច្រឡំ និងឆាតចរចាតថ្លៃទិញទំនិញត្រូវរ៉ូវ ក៏ឈានដល់វេរលុយឱ្យជនបោកប្រាស់ទាំងនោះ ដោយមិនបានត្រួតពិនិត្យ ឬបញ្ជាក់បានម៉ត់ចត់។


បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលមិត្តភ័ក្តិគាត់ផ្ទាល់ ទើបតែចាញ់ល្បិចបោកលុយដូចបានរៀបរាប់ខាងលើ បានប្រាប់មក Oknha News ថា៖ “ពួកម៉ាកខ្ញុំ ទើបចាញ់កលក្បួនបោកថ្មីនេះ អស់លុយរាប់រយដុល្លារ ព្រោះស្មានតែជាផេកផ្លូវការរបស់ហាងលក់ទូរស័ព្ទនោះ ណាមួយឃើញដាក់តម្លៃធូរថ្លៃសមរម្យ គាត់ក៏វេរលុយទៅតាមលេខលើផេកបោក ដែលជនខិលខូចយករូបភាពហាងដើមគេ ទៅបង្កើតថ្មី តែជាលទ្ធផលក្រោយវេរលុយរួច អត់ឃើញទំនិញគេដឹកមកឱ្យ ហើយលេខនោះក៏ខលលែងចូល”។
តាមរយៈ Oknha News លោកក៏សូមអំពាវនាវ និងសូមដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់បណ្ដាញសង្គម Facebook មេត្តាប្រុងប្រយ័ត្នខ្ពស់ និងចែករំលែកពីល្បិចបោកប្រាស់មួយនេះឱ្យគ្រប់គ្នាបានដឹងបន្តផង។
ដោយឡែក ករណីបោកប្រាស់ផ្សេងមួយទៀត ក៏ទើបតែបានកើតឡើងថ្មីថ្មោងដែរ ត្រូវបានម្ចាស់អាខោនមួយ គង់ ដាលីន បកស្រាយពីល្បិចបន្លំយកលេខកូដសម្ងាត់ facebook អ្នកផ្ទះខ្លួន បំណងដើម្បីចូលទៅគ្រប់គ្រងគណនីយ ដូចខាងក្រោម៖
“សូមប្រុងប្រយ័ត្នជាមួយនឹងល្បិចបោកប្រាស់ថ្មី! ល្ងាចម៉ិញនេះ មានគណនីមួយបានឆាកមកម៉ាក់ខ្ញុំសួរបញ្ជាក់លេខទូរស័ព្ទគាត់ហើយ ប្រាប់ថាបានច្រលំវេរលុយចូលមក។ លុះពេលសួរថាច្រលំវេរមកតាមណា ចំនួនប៉ុន្មានគេក៍មិនឆ្លើយ ហើយបែរជាសុំអោយម៉ាក់ខ្ញុំចូលប្រអប់សារ( Message) ថតស្គ្រីន (Screenshot) ផ្ញើរអោយទៅវិញ។
តាមពិត គឺជនខិលខូចនោះបានព្យាយាម ឡក់ចូល( (Log in) គណនីម៉ាក់ខ្ញុំ ហើយដោយសារគេ មិនស្គាល់លេខសំងាត់គណនី ទើបបានគេប្រើមុខងារ”forget password”។ ព្រោះជាទូទៅនៅពេលយើង ភ្លេចលេខសំងាត់ យើងអាចជ្រើសយកមុខងារនេះ ដើម្បីអោយក្រុមហ៊ុនហ្វេសប៊ុកផ្ញើរលេខកូដបញ្ជា (Verification Code) មកតាមប្រអប់សារ (Message) លេខទូរស័ព្ទយើង។
ពេលបើកចូលមើលទៅក៍ឃើញថាហ្វេសប៊ុកបានផ្ញើរកូដបញ្ជាក់មកប្រអប់សារម៉ាក់ខ្ញុំមែន ហើយបើសិនជាយើងថតស្គ្រីននោះអោយគេ នោះគេនឹងអាចហេក(Hack)ចូលគណនីយើងបាន និងផ្លាស់ប្ដូរលេខសំងាត់របស់យើង។


កន្លងមកអ្នកលេងហ្វេសប៊ុកនៅស្រុកខ្មែរធ្លាប់ជួបករណីកេងបន្លំច្រើនផ្សេងៗគ្នា ក្នុងនោះគេសង្កេតឃើញមានករណីល្បិចចាស់តែក្នុងរូបភាពថ្មីជាច្រើនបានលេចឡើង ប្រាប់ថាផ្ញើរលុយច្រឡំ សុំម្ចាស់អាខោនមើលសារពី Facebook ឬសុំខ្ចីលុយ ក្នុងគោលបំណងដើម្បីអោយក្រុមហ៊ុនហ្វេសប៊ុកផ្ញើរលេខកូដបញ្ជាក់ថ្មី (Verification Code) មកតាមសារ (Message)លេខទូរសព្ទដៃ ឬករណីបោកបញ្ឆោតថាត្រូវរង្វាន់ពីស្ថាប័ននេះ ស្ថាប័ននោះជាដើម។

ជាដំណោះស្រាយចំពោះរូបភាពនៃការបោកប្រាស់តាមអនឡាញ ឬបងប្អូនប្រជាពលរដ្ឋ ដែលបានចាញ់បោកជនទាំងនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានតួនាទីធ្វើជាសេនាធិការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារ ទប់ស្កាត់ សំដៅរួមចំណែកការពារ សន្តិសុខជាតិ រក្សា សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក៏បានសំណូមពរដល់សាធារណៈជនដែលជាជនរងគ្រោះទាំងឡាយ មេត្តារួសរាន់ដាក់ពាក្យបណ្ដឹងមកនាយកដ្ឋាន នៅក្រសួងមហាផ្ទៃ ដោយផ្ទាល់ ឬដាក់ពាក្យបណ្ដឹងតាមអនឡាញ ដែលមានទីតាំងនៅអគារ L ឬរាយការណ៍ទៅលេខទូរស័ព្ទ៖ 023 726 822
