សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ មករា ២០២២នេះ បានសម្ដែងនូវការភ្ជាក់ផ្អើល និងកោតសរសើរជាខ្លាំង ចំពោះសៀវភៅដែលសរសេរដោយសម្ដេចផ្ទាល់ថា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកអាន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា៖ “កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរ អង់គ្លេសនិងចិន។ សម្រាប់ការបោះពុម្ពជាភាសាចិន គឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព”។

ទន្ទឹមនឹងប្រជាប្រិយភាពក្នុងរយៈពេលដ៏ខ្លី សៀវភៅ “គូព្រេងមិនព្រាត់” ក៏បានក្លាយជាសៀវភៅ ដែលអាចរកចំណូលបានរាប់ពាន់ដុល្លារ សម្រាប់សៀវភៅដែលបោះពុម្ភជាភាសាចិន។
សម្ដេចតេជោ មានប្រសាសរៀបរាប់ថា៖ “ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរ ដែលសៀវភៅភាសាចិនត្រូវបានដាក់ លក់បាន ១៥០០ច្បាប់ក្នុងរយៈពេលដ៏ខ្លី ដែលបានចំណូល 7,500 ដុល្លារ ដែលក្នុងមួយច្បាប់តម្លៃ 5ដុល្លារ”។

សៀវភៅចំណងជើង “គូព្រេងមិនព្រាត់” ដែលសរសេរដោយផ្ទាល់ដៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភជាភាសាចិន ក៏មានការចូលរួមចំណែកពីអ្នកឧកញ៉ា ពុង ខៀវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ផងដែរ។ សម្រាប់ថវិកាដែលបានមកពីការលក់សៀវភៅនេះ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្ដេចនឹងប្រើថវិកានេះ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា។


គួរបញ្ជាក់ផងដែរថា សៀវភៅ “គូព្រេងមិនព្រាត់” ជាភាសារខ្មែរ ត្រូវបានបោះពុម្ភចំនួន ២មុឺនច្បាប់ និងជាភាសារអង់គ្លេសបោះពុម្ភចំនួន ៥ពាន់ច្បាប់ ហើយសៀវភៅទាំង២ភាសានេះ នឹងចែកជូនអ្នកអានដោយឥតគិតថ្លៃ ដោយឡែកសម្រាប់ សៀវភៅជាភាសាខ្មែរសុំ នឹងត្រូវរក្សាទុកជាឯកសារសាធារណៈ និងឯកសារស្រាវជ្រាវ នៅតាមបណ្ណាល័យជាតិនានា៕
