រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) លើកដំបូង បានបញ្ចប់ការសាងសង់នៅខេត្តកំពត។
រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ទីមួយនេះ នឹងជួយគាំទ្រក្នុងការលើកកម្ពស់ការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជា។
ថ្លែងនៅព្រឹកនេះឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ពេលមានរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង យើងអាចគ្រប់គ្រងគុណភាព ម្ចាស់ការលើប្រើប្រាស់ មិនបាច់នាំចូលពីក្រៅទៀតទេ។ គុណប្រយោជន៍គឺជួយដល់ការងារជួសជុលថែទាំ សាងសង់ផ្លូវថ្នល់ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និងចំណេញថវិកាជាតិ។
បើតាមលោករដ្ឋមន្រ្តី ក្រោយរោងចក្រនេះដំណើរការ ផ្លូវជាតិទូទាំំងប្រទេសនឹងប្រែក្លាយពី DBST ទៅជាកៅស៊ូ AC ដែលផ្តល់តម្លៃសេដ្ឋកិច្ចក្នុងការដឹកជញ្ជូន កាត់បន្ថយលុយជាតិក្នុងការថែទាំ និងធានាការប្រើប្រាស់បានយូរឆ្នាំ។
កម្ពុជាមានវត្ថុធាតុដើមដូចជា ថ្ម ខ្សាច់មាននៅក្នុងស្រុក ហើយការមានរោងចក្រនេះកម្ពុជានឹងកាត់បន្ថយតម្លៃក្នុងការនាំចូលបេតុងកៅស៊ូពីក្រៅប្រទេស អាចបំពេញតម្រូវការទាន់ពេលវេលា។
បើតាមលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងសាធារណការគ្រោងបង្កើតរោងចក្រផលិតបេតុងកៅស៊ូមួយទៀត នៅខេត្តបាត់ដំបង ដែលតំបន់នោះកំពុងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចជាគម្រោងផ្លូវជាតិលេខ ៥ ក៏ដូចជាផ្លូវជាតិជាច្រើនទៀតដែលនឹងត្រូវកែសម្រួលពី DBST មក AC៕