តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករាម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន បង្ហាញទិដ្ឋភាពពីការ
អភិវឌ្ឍន៍សេដ្ឋកិច្ច អាគារពាណិជ្ជកម្មមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា ថតពីលើអាកាសនៅក្នុងខែមករា ឆ្នាំ២០២២នេះ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។ សម្តេចបន្តថា តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់ និងសហការី។
សម្តេចបញ្ជាក់ថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រេីនខ្លាំងថែមទៀត។

សូមជម្រាបជូនថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១កន្លងទៅ មានលក្ខណៈល្អប្រសើរជាងការរំពឹងទុក ខណៈរដ្ឋាភិបាលបានព្យាករកន្លងទៅក្នុងកំរិត ២,៤% ហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងវិលទៅរក៧% ដូចដើមវិញនៅឆ្នាំ២០២៤។ នេះបើតាមការញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច នៅក្នុងសន្និសីទកាសែតមួយ កាលពីដើមខែធ្នូឆ្នាំ២០២១ ស្តីពី«យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនល្អប្រសើរចាប់ពីពេលនេះទៅ គឺដោយសំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។

តួលេខរយៈពេល១១ខែឆ្នាំ២០២១កន្លងទៅ បង្ហាញថាវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ រីឯការនាំចេញទំនិញមិនមែនកាត់ដេររយៈពេល១១ខែដែរ គឺមានការកើនឡើងប្រមាណ៥៣%។
ជាមួយគ្នានេះ ការនាំចេញវិស័យកសិកម្ម ក៏មានការកើនឡើងច្រើនដែរ ដែលវិស័យកាត់ដេរ និងវិស័យកសិកម្ម បានដើរតួនាទីសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ខណៈវិស័យអចលនទ្រព្យត្រូវបានវាយតម្លៃថាមិនមានឧបសគ្គធ្ងន់ធ្ងរ ដោយសារនៅតែមានសកម្មភាពទិញ លក់ ជាធម្មតា៕

