បច្ចុប្បន្នទោះស្ថិតនៅក្នុងស្ថានភាពនៃជំងឺរាតត្បាតសកលកូវីដ-១៩ក្តី វិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម នៅតែបន្តសកម្មភាព និងការអនុវត្តគម្រោងតូចធំ ដោយប្រើប្រាស់ថវិកាជាតិ និងជំនួយពីដៃគូអភិវឌ្ឍនានា ពុំមានការផ្អាក ឬពន្យារពេលឡើយ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃព្រហស្បតិ៍ ទី២៧ មករាម្សិលមិញ។

លោក ស៊ុន ចាន់ថុល បានបន្តថា ការអនុវត្តគម្រោងមិនមានការផ្អាក ឬពន្យារពេល គឺដោយសារមានការគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទាន និងបច្ចេកទេសគ្រប់បែបយ៉ាង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។
គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទរបស់យើង បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង១៥ ០០០គីឡូម៉ែត្រ ហើយបានកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។
ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង។


លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរបស់ក្រសួងសាធារណការក្នុងការអនុវត្តនូវការស្តារ និងកសាងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន(ដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ) និងក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ផ្នែក សំដៅរួមចំណែក ជំរុញកំណើន សេដ្ឋកិច្ចនិងអភិវឌ្ឍន៏សង្គម តភ្ជាប់ផ្ទៃក្នុងប្រទេសនិងសមាហរណកម្មតំបន់ ព្រមទាំងផ្តល់នូវសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋប្រកបដោយភាពប្រសើរឡើងទាំងគុណភាព ប្រសិទ្ធភាព និងវិសាល ភាព និងទទួលបានការជឿទុកចិត្ត ស្របតាមការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល។
តែយ៉ាងណា លោកទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីក្រសួងបន្តរឹតបន្តឹងគុណភាព ផ្លូវឱ្យបានម៉ត់ចត់នៅក្នុងឆ្នាំ២០២២នេះ ដោយបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយប្រសិទ្ធភាព បន្តសាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឱ្យ មានប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់ ត្រូវខិតខំផ្ដល់សេវា សាធារណៈឱ្យបានល្អ តាមដានស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនទំនិញ លើស ទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប្រសើរឡើងហេដ្ឋា រចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុធាតុ និងគ្រប់គ្រងការងារសាងសង់ផ្លូវស្ពានឱ្យមានគុណភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប៕