អតីតឧកញ៉ា ឌួង ឆាយ និងតំណាងក្រុមហ៊ុនធំៗមកពីប្រទេសអារ៉ាបរួម ថ្មីៗនេះ បានជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីជជែកពិនិត្យលទ្ធភាពវិនិយោគលើវិស័យធនាគារ ការបង្កើត SUPER APP ការបើកសេវាកម្មតាក់ស៊ី UBER និង BITCOIN នៅប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
លោក ថូម៉ាស ស្ត្រេយ ប្រធានប្រតិបត្តិមូលនិធិ ENDEMAJ FUNDS បានឲ្យដឹងពីគោលបំណងពិនិត្យលទ្ធភាពវិនិយោគលើវិស័យធនាគារ, ការបង្កើត SUPER APP, ការបើកសេវាកម្មតាក់ស៊ី UBER និង BITCOIN នៅប្រទេសកម្ពុជានាពេលអនាគត។លោកក៏បានបង្ហាញផងដែរពីទំនាក់ទំនងរវាងមូលនិធិ ENDEMAJ FUNDS និងក្រុមហ៊ុនធំៗមួយចំនួននៅប្រទេសចិន ដូចជា Sinopharm ជាដើម ដែលអាចជាកត្តាមួយងាយស្រួលដល់មូលនិធិក្នុងការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។
ឆ្លើយតបចំពោះគោលបំណងរបស់មូលនិធិ ENDEMAJ FUNDS ក្នុងការវិនិយោគលើវិស័យធនាគារ ការបង្កើត SUPER APP និងសេវាកម្មតាក់ស៊ី UBER នៅប្រទេសកម្ពុជា លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនឹងជួយសម្របសម្រួលជាមួយធនាគារជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត ដើម្បីពិនិត្យលទ្ធភាពធ្វើឱ្យការវិនិយោគនេះកើតមានឡើងនៅប្រទេសកម្ពុជា។ ដោយឡែកចំពោះបញ្ហា BITCOIN លោករដ្ឋមន្ត្រីថាអាចនឹងពិភាក្សានៅពេលក្រោយ។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីច្បាប់ស្តីពីវិនិយោគនៅកម្ពុជា ការនាំចេញផលិតផលកសិកម្ម និងគោលបំណងយកតំបន់អារ៉ាប់ជាចំណុចរួម (Hub) ដើម្បីបញ្ជូនផលិតផលកម្ពុជាចូលទីផ្សារមជ្ឈឹមបូព៌ា និងអាហ្រិក (MENA) ក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ការបោះទុនវិនិយោគនៅកម្ពុជា គឺជាការបោះទុនក្នុងទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណ ៦០០ លាននាក់ ហើយជាលក្ខណៈភូមិសាស្ត្រ កម្ពុជាស្ថិតនៅចំកណ្ដាលអាស៊ានតែម្ដង។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា លើគ្រប់វិស័យ ទាំងវិស័យធុរកិច្ច វិនិយោគ ទេសចរណ៍ ធនាគារ សាធារណការ សំណង់ កសិកម្មនៅប្រទេសកម្ពុជា សូមមកពិភាក្សាគ្នាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕