នៅក្នុងឆ្នាំ២០២១ ព្រៃឈើប្រមាណ ៦,២៧១ ហិកតា ត្រូវបានកាប់បំផ្លាញ នៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ គឺ ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ។ នេះបើតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃសុក្រ ទី២៨ ខែមករាម្សិលមិញ បានចេញរបាយការណ៍ថ្មីមួយក្រោមចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។
អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា ដោយពឹងផ្អែកលើទិន្នន័យបានមកពីបទសម្ភាសន៍ជាមួយសកម្មជនការពារព្រៃក្នុងសហគមន៍ក្នុងតំបន់ ចំនួន ២០រូប បានគូសបញ្ជាក់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសម្បើមនេះ មិនត្រឹមតែបានបំផ្លាញដល់ជីវចម្រុះនិងអាកាសធាតុនោះទេ តែវាកំពុងបំផ្លាញវប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិចកួយផងដែរ។
នៅក្នុងរបាយការណ៍ដដែលនេះ ក៏បានចោទប្រកាន់ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសរបស់មន្ត្រីក្រសួងបរិស្ថានថា មិនបានអើពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋ និងថា ពេលខ្លះ មន្ត្រីក្រសួងបរិស្ថានទាំងនោះ បានចុះទៅស៊ើបអង្កេត ប៉ុន្តែគ្រាន់តែស៊ើបអង្កេតដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។
ឆ្លើយតបនឹងបញ្ហារបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានហៅរបាយការណ៍ថ្មីនេះថា ជារបាយការណ៍ចោទប្រកាន់ គ្មានមូលដ្ឋាន និងបែបភូតកុហកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។
លោក នេត្រ ភក្រ្តា បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រសួងស្វាគមន៍និងបើកការស៊ើបអង្កេតបន្ថែមទៀត ប្រសិនបើមានភស្តុតាងច្បាស់លាស់ពីអង្គការ Amnestyនោះ។ ប៉ុន្តែបើត្រឹមលើកឡើងបែបអនាមិក នោះបង្ហាញថា អង្គការ Amnesty គ្រាន់តែជាអង្គការប្រឌិតរបាយការណ៍ឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងសងសឹកជំនួសឱ្យបក្ខពួកខ្លួនដែលកំពុងតែបំពានច្បាប់ និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងកម្ពុជាជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិតែប៉ុណ្ណោះ។
បើតាមរបាយការណ៍ស្តីពី«ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨»ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្នុងឆ្នាំ១៩៦៥ ព្រៃឈើលាតសន្ធឹងលើផ្ទៃដី៧៣%នៃផ្ទៃប្រទេស ប៉ុន្តែត្រឹមឆ្នាំ២០១៨ ព្រៃឈើបានរួមមកនៅតិចជាង៤៧%។ ហើយចាប់ពីឆ្នាំ២០១៤មក ការបាត់បង់គម្របព្រៃឈើ ពុំសូវមានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅកើតមានក្នុងកម្រិតមួយថេរ។
កំណើនប្រជាជន និងតម្រូវការប្រើប្រាស់ដី ដើម្បីធ្វើកសិកម្ម និងការសាងសង់ផ្ទះសម្បែង បានកាត់បន្ថយគម្របព្រៃឈើនៅកម្ពុជា ដែលគិតចាប់តាំងពីឆ្នាំ២០១៨មក ផ្ទៃដីព្រៃឈើនៅកម្ពុជានៅមានប្រមាណតែជាង៨,៥លានហិកតា ស្មើនឹង៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ គម្របព្រៃឈើដែលនៅសេសសល់ រួមបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត។ នេះបើតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រសួងបរិស្ថាន៕