កៅស៊ូ​កម្ពុជាលក់​បាន​តម្លៃ ១ ៦៦៦ដុល្លារ ក្នុង​មួយតោន

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ឆ្នាំ ២០២១ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ដែល​រក​ចំណូលសរុបចំនួនប្រមាណ ៦១២,៣លានដុល្លារ។ ដោយ​ឡែក​តម្លៃ​កៅស៊ូវិញ​​បាន​តម្លៃ ១ ៦៦៦ដុល្លារ ក្នុង​មួយតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញឲ្យឃើញថា គិតត្រឹមឆ្នាំ២០២១ មានផ្ទៃដីកៅស៊ូសរុបជាង ៤០៤ ០៤៤ហ.ត។ ផលិតផលកៅស៊ូស្ងួតសម្រេចបានចំនួនជាង ៣៦៨,០០០តោន (១ ១៨៦ គ.ក្រ/ហ.ត)។ បច្ចុប្បន្នកម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១ និង​បាន​នាំចេញផលិតផល​កៅស៊ូប្រមាណជាង ៣៧ ម៉ឺនតោន ទទួលចំណូលជាថវិកាបានប្រមាណជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ជាមួយសមិទ្ធផលសម្រេចបាននេះ វិស័យឧស្សាហកម្មកៅស៊ូនៅមានបញ្ហាប្រឈម ដែលចាំបាច់ត្រូវ​ចាប់ផ្តើមបន្ទាន់ធ្វើការកែលម្អ និងដោះស្រាយ។ អគ្គនាយកដ្ឋានកៅស៊ូត្រូវខិតខំរិះរកមធ្យោបាយ វិធានការច្បាស់លាស់ និងបត់បែន ដើម្បីចូលរួមដោះស្រាយបញ្ហាសំខាន់ៗ ដោយត្រូវពង្រឹងកិច្ចសហការថែមទៀតជាមួយអន្តរស្ថាប័នពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ប្រកបដោយភាពម្ចាស់ការ និងឈរលើផលប្រយោជន៍រួម។

ជាមួយការ​អនុវត្តការងារបន្តទៅតាមផែនការរបស់អគ្គនាយកដ្ឋានកៅស៊ូ លោក​រដ្ឋមន្ត្រីបានក្រើនរំលឹកនិងផ្តល់ជូនទស្សនៈ និងវិធានការសំខាន់ៗមួយចំនួនទៀត ដែលជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះអនុវត្តបន្តឲ្យទទួលបានជោគជ័យ ក្នុងនោះមានដូចជា ៖ ១) ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន វិនិយោគ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ រួមទាំងគ្រួសារ។ ២) យកចិត្តទុកដាក់ទីផ្សារនាំចេញផលិតផលកៅស៊ូ។ ៣) ពង្រឹងការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌលស្រាវជ្រាវពូជ ជំងឺ សត្វ ល្អិតចង្រៃ និងការ កែច្នៃ ដោយត្រូវសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ៤) ជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារ។ ៥) ជំរុញការអភិវឌ្ឍឧស្សាហកម្មកែឆ្នៃកៅស៊ូធម្មជាតិនៅកម្ពុជា។ ៦) ត្រូវបន្តកៀរគរ និងស្វែងរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាថ្មីៗពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីទទួលបានការរីកចម្រើនថ្មីៗទៀតក្នុងអនុវិស័យនេះ៕