ថ្លែងក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៣០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ មករានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រង ការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាធម្មតា ។
ទោះជាយ៉ាងណាក៏ដោយ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា ក៏ដូចជាសកលលោកទាំងមូល បាន និងកំពុងទទួលរងនូវការឆ្លង រាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ជាពិសេស ប្រភេទអូមីក្រុង (Omicron) ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ។ សម្តេចបន្តថា ក្នុងបរិការណ៍នេះ ការចាក់វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស ។
បើតាមសម្តេច ហ៊ុន សែន កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះ ការជួយចែករំលែកវ៉ាក់សាំងគ្នា ទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំង នៅទូទាំងសកលលោក។
សម្ដេចមានប្រសាសន៍បន្តថា៖ “ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅ បញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព”៕