ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៥៩២គណនី។ ក្នុងនោះ ចំនួន ៥៣៦គណនី ត្រូវបានដោះស្រាយ និង ៦៥៥ គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងចំណោម ១.៥៩២គណនី ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបង្វែរទៅស្ថាប័នមានសមត្ថកិច្ចផងដែរ។
បើតាមសម្តេចក្រឡាហោម វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុកលោកផ្ទាល់។
ជាមួយគ្នានេះ សម្តេច បានលើកឡើងថា ការដោះស្រាយបញ្ហាតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។
ទន្ទឹមនឹងនោះ សម្តេចក៏សូមឲ្យមានការយល់យោគអធ្យាស្រ័យ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕