រាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងស្ដុកប្រេងឥន្ធនៈ សូគីមុិច ដែលគ្រោងចំណាយថវិកាជិត ១០លានដុល្លារអាមេរិក ក្រោមវត្តមានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។
ស្ពានអាកាសថ្មីនេះត្រូវរដ្ឋាភិបាល រំពឹងថា ដើរតួសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនោះ យ៉ាងសំខាន់។
ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។
សូមជម្រាបជូនថា គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដោយប្រើរយៈពេលប្រមាណ ១៥ខែ៕