រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យសក្តានុពលទេសចរណ៍ព្រៃកោងកាង នៅតំបន់ព្រែកទឹកសាប ស្ថិតនៅភូមិសាស្រ្ត ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ នៅតាមបណ្តោយព្រែកទឹកសាប មានរុក្ខជាតិដុះចម្រុះជាច្រើនដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ ដើមចាក និងរុក្ខជាតិព្រៃលិចទឹកចម្រុះជាច្រើនប្រភេទផ្សេងទៀត។ ទន្ទឹមនោះ នៅតាមបណ្តោយព្រែកទឹកសាបក៏មានមច្ឆាជាតិ និងសត្វស្លាបជាច្រើនប្រភេទ ជាពិសេសត្រីផ្សោតសមុទ្រ ដែលជាសក្តានុពលដ៏សម្បូរបែប អាចទាក់ទាញភ្ញៀវទេសចរណ៍ជិះទូកលេងកម្សាន្តទស្សនាព្រៃកោងកាង មច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទនៅតាមព្រែកនេះផងដែរ។
ថ្លែងក្នុងពេលចុះពិនិត្យសក្តានុពលទេសចរណ៍ព្រៃកោងកាង លោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានបង្ហាញក្តីសង្ឃឹមថា តំបន់ព្រែកទឹកសាបនេះ នឹងក្លាយជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសនាពេលខាងមុខ។

តែយ៉ាងណា៏ លោក៏បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាមូលដ្ឋានត្រូវបំផុសប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ និងការពារបរិស្ថាននៅតាមដងព្រែកទឹកសាប និងត្រូវដាំដើមកោងកាងបន្ថែមនៅតាមតំបន់ព្រៃរិចរិល ព្រោះព្រៃកោងកាងជាជម្រកបក្សាបក្សី និងជាមន្ទីរសម្ភពរបស់មច្ឆាជាតិ ហើយប្រជាសហគមអាចចេញទៅនេសាទយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងបម្រើដល់វិស័យទេសចរណ៍ក្នុងសហគមន៍។


