ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណជាង ២,៧ពាន់លានដុល្លារ ស្មើនឹង១២៤, ០២%គឺកើនលើសផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ កំណើនលើសផែនការនៃការប្រមូលពន្ធនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ដោយសារការយកចិត្តទុកដាក់របស់មន្ត្រី ការអនុវត្តនូវប្រព័ន្ធគ្រប់គ្រងលិខិតប្រកាសពន្ធលើប្រាក់ចំណេញតាមអនឡាញ និងការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងចំណោមមជ្ឈដ្ឋានវិនិយោគក្នុងប្រទេសកម្ពុជា។
បើតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួនជាង២,៧ពាន់លានដុល្លារ(២៧៨១,៩២លានដុល្លារ) ស្មើនឹង១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២១។ របាយការណ៍បន្តទៀតថា ចំនួននេះ គឺលើសផែនការឆ្នាំ២០២១ ចំនួន៥៣៨,៨៥លានដុល្លារ ស្មើ២៤ ,០២% ដែលអគ្គនាយកដ្ឋានបានកំណត់ប្រមូលចំណូលពន្ធចំនួនតែជាង២,២ពាន់លានដុល្លារ (២២៤៣,០៧លានដុល្លារ)ប៉ុណ្ណោះ។
របាយការណ៍ដដែលបញ្ជាក់ថា ទោះបីជាលទ្ធផលប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងឆ្នាំ២០២១កន្លងទៅ មានភាពប្រសើរច្រើនយ៉ាងណាក្តី ប៉ុន្តែបើធៀបជាមួយនឹងចំណូលពន្ធក្នុងរយៈពេលដូចកាលពីឆ្នាំ២០២០ គឺថយចុះប្រមាណជាង១០៧,០៩លានដុល្លារ ស្មើនឹង-៣,៧១% ខណៈទំហំចំណូលពន្ធក្នុងឆ្នាំ២០២០មានចំនួនជិត៣ពាន់លានដុល្លារ (២ ៨៨៩,០២ លានដុល្លារ)។
ដោយឡែក ចំពោះលទ្ធផលប្រមូលពន្ធសម្រាប់ខែធ្នូឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួនជាង២២១,៦៨លានដុល្លារ ស្មើនឹង៩ ៨៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺមានចំនួនជាង២៤០លានដុល្លារ។
សម្រាប់ទិសដៅផែនការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២២នេះវិញ អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ចេញនូវគោលការណ៍យុទ្ធសាស្ត្រសំខាន់ៗមួយចំនួនថែមទៀតផងដែរ ដូចជា៖ បន្តរៀបចំយន្តការគ្រប់គ្រងចំណូលពន្ធក្នុងវិស័យធំៗ ដែលមានសក្តានុពលសម្រាប់ចំណូលពន្ធ ការបន្តរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីសារពើពន្ធថ្មី បន្តអនុវត្តវិធានការទារបំណុលពន្ធរុំាំរ៉ៃ ដែលសហគ្រាសរឹងរូសពុំព្រមចូលមកទូទាត់បំណុលពន្ធ ការបន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញសហគ្រាសក្នុងវិស័យល្បែងពាណិជ្ជកម្ម(កាស៊ីណូ) ចូលខ្លួនមកចុះបញ្ជីពន្ធដារជាដើម៕