អាគារសាលាខេត្តព្រះសីហនុថ្មី គ្រោងបើកគម្រោងសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តាមរចនាបទសំបូរព្រៃគុក ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន ១៨ខែ។ នេះបើតាមកិច្ចប្រជុំត្រៀមរុះរើអគារសាលាខេត្តព្រះសីហនុចាស់ដើម្បីសាងសង់ថ្មីជំនួសវិញ ក្រោមអធិបតីលោក គួច ចំរើន អភិបាលខេត្ត នៅថ្ងៃទី៣០ ខែមករាម្សិលមិញ។

លោក គួច ចំរើន បានលើកឡើងថា ការសាងសង់អាគារថ្មីនេះ បានទទួលការឯកភាពពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អគារសាលាខេត្តនេះ គ្រោងនឹងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដោយគ្រោងប្រើរយៈពេល១៨ខែ។ អគារសាលាខេត្ត មានកម្ពស់៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ចំពោះស្ថាបត្យកម្ម នៃអគារយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។

សូមជម្រាបថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា។
ភាពរីកចម្រើននៃសេដ្ឋកិច្ច គឺពឹងផែ្អកលើប្រភពសក្តានុពលជាច្រើន ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម តំបន់អភិវឌ្ឍន៍ទេសចរណ៍ តាមរមណីយដ្ឋានធម្មជាតិ តំបន់កោះ ឆ្នេរខ្សាច់ តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិ កំពង់ផែឧកញ៉ាម៉ុង កំពង់ផែស្វយ័តស្ទឹងហាវ និង ក្រុមហ៊ុននាំចេញ-នាំចូលក្នុង និងក្រៅប្រទេស តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម មានរោងចក្រ សហគ្រាស អគ្គិសនី ទឹកស្អាតជាដើម៕