ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេលរាតត្បាតជំងឺកូវីដ-១៩ យ៉ាងគំហុកនេះ គឺដោយសារតែសេដ្ឋកិច្ចពឹងផ្អែកលើផលិតផល ទីផ្សារ និងកត្តាធាតុចូលដែលមានមូលដ្ឋានតូចចង្អៀតពេក។ នេះបើតាមធនាគារពិភពលោក នៅថ្ងៃចន្ទ ទី៣១ មករា បានចេញផ្សាយនូវរបាយការណ៍ជំនួយស្មារតីអំពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា នៅអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលចំនួន ៥មុខ មានទំហំ ៨០% នៃទំហំនាំចេញសរុបរបស់កម្ពុជា ហើយទីផ្សារធំចំនួន ២ ប៉ុណ្ណោះ ដែលស្រូបយកបាន ៦៩% នៃបរិមាណទំនិញនាំចេញទាំងនោះ ហើយទុនពីបរទេសមានទំហំ ៧២% នៃទុនវិនិយោគសរុបក្នុងឆ្នាំ២០១៨។
ធនាគារពិភពលោក បានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចជួបបញ្ហានៅត្រង់ថា ផលិតភាពមានកម្រិតទាបហើយកាន់តែធ្លាក់ចុះថែមទៀត ការតភ្ជាប់បណ្តាញក្នុងការនាំចេញមានគុណភាពទាបហើយខ្សោយ ឯការវិនិយោគផ្ទាល់ពីបរទេសមានកម្រិតខ្ពស់ (FDI) នៅពេលដែលការវិនិយោគក្នុងស្រុកមានកម្រិតទាប។
ជាមួយគ្នានេះ បញ្ហាកង្វះសមត្ថភាពរបស់កម្ពុជាក្នុងការពង្រីកផលិតផលក្នុងសេដ្ឋកិច្ច តាមរយៈផលិតភាពទាបនៃកម្លាំងពលកម្ម ឬអាចនិយាយបានថា ទិន្នផលក្នុងពលករម្នាក់នៅយឺតជាងគេក្នុងចំណោមប្រទេសលើពិភពលោកដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នានឹងកម្ពុជានាពេលបច្ចុប្បន្ន។ ហើយសមត្ថភាពប្រកួតប្រជែងនៅទាប រីឯការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល (GVCs) ក៏នៅមានកម្រិត ធ្វើឱ្យលទ្ធភាពទីផ្សារនិងការធ្វើពាណិជ្ជកម្មមិនអាចសាយភាពបានទូលំទូលាយ។
បើតាមធនាគារពិភពលោក ឧបសគ្គដល់ការធ្វើពិពិធកម្ម និងបង្កើនពាណិជ្ជកម្មរបស់កម្ពុជាគឺមកពីគុណភាពការវិនិយោគផ្ទាល់ពីបរទេស សមត្ថភាពទាបរបស់ក្រុមហ៊ុននិងពលករ បទប្បញ្ញត្តិដែលនាំឱ្យមានការចំណាយខ្ពស់ក្នុងការធ្វើពាណិជ្ជកម្ម (ជាពិសេសប៉ះពាល់លើផលិតផលកសិកម្ម)។ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងអ្នកនាំចេញមិនទាន់មានបទពិសោធន៍ច្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់សម្រាប់ជួយដល់ការពង្រីកទីផ្សារសម្រាប់ការនាំចេញ។
បន្ថែមទៀតនោះ អត្រាសន្សំប្រាក់ក្នុងស្រុកនៅទាប ហើយតាមរយៈនេះការវិនិយោគក្នុងស្រុកក៏មានកម្រិតទាប ធ្វើឱ្យកម្ពុជាត្រូវពឹងផ្អែកខ្លាំងទៅលើធនធានហិរញ្ញវត្ថុនៅក្រៅប្រទេស។
យ៉ាងណា ធនាគារពិភពលោក បានបង្ហាញថា មានភាពចាំបាច់បីយ៉ាងដែលកម្ពុជា ត្រូវធ្វើបរិវត្តន៍ទើបអាចពង្រឹងដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច និងជួយប្រទេសឱ្យវិលទៅរកគន្លងផ្លូវមានកំណើនសេដ្ឋកិច្ចទៀងទាត់ឡើងវិញ។ ទីមួយ ភាពចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើក្រុមហ៊ុនអាជីវកម្ម និងពលករ គឺជាគន្លឹះនាំទៅបង្កើនផលិតភាព។ ទីពីរ ការធ្វើពិពិធកម្មនៃការនាំចេញអាចបន្តជំរុញកំណើននៅក្នុងដំណើរស្តារសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩។ ទីបី ការប្រើប្រាស់ការវិនិយោគក្នុងស្រុកអាចជួយផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ការជំរុញកំណើននៅដំណាក់កាលខាងមុខ។
ធនាគារពិភពលោកបានបញ្ជាក់ថា កម្ពុជា ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ដើម្បីជួយដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិនៃជំងឺកូវីដ-១៩ តាមរបៀបមួយដែលឆ្លើយតបទៅនឹងបញ្ហាធ្វើពិពិធកម្ម ដើម្បីការកសាងសេដ្ឋកិច្ចឡើងវិញកាន់តែមានភាពរឹងមាំជាងមុន។ របៀបវារៈដែលកម្ពុជា ត្រូវផ្តោតគឺកែលម្អសមត្ថភាពឱ្យប្រសើរឡើង ការពង្រឹងបទប្បញ្ញត្តិ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
សូមជម្រាបថា ជំនួយស្មារតីស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា (CEM) គឺជារបាយការណ៍មួយដែលធនាគារពិភពលោកបានធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធនានា។ របាយការណ៍នេះបានពិនិត្យមើលឡើងវិញនូវគំរូកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក ក្នុងគោលបំណងកំណត់អត្តសញ្ញាណឧបសគ្គ និង កាលានុវត្តភាពនានាសម្រាប់ការរក្សាកំណើន និង លើកឡើងនូវជម្រើសអនុសាសន៍សម្រាប់ឆ្លើយតបទៅថ្ងៃមុខ៕