នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។


ក្នុងជំនួបនេះ លោក Takahashi Fumaiki បានប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថា សួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង។
លើសពីនេះទៅទៀត សមាគមលោកក៏បានស្នើសុំនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ខណៈដែលសមាគមបានធ្វើការដោះស្រាយ មួយចំនួនរួចហើយ។ ជុំវិញដំណើរទាំងពីរនេះ សម្ដេច ហ៊ុន សែន បានទទួលស្វាគមន៍ និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចក៏បានណែនាំទៅដល់លោក សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញ។

ពាក់ព័ន្ធទៅនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើការណែនាំលោក សុខ ចិន្តាសោភា ផងដែរ សូមឱ្យលោក សហការសម្របសម្រួលជាមួយោករដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម លឹម គានហោ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀត ក្នុងការអនុញ្ញាតឱ្យប្រតិភូ របស់ លោក Takahashi Fumaiki ដើម្បីធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងករណីនេះផងដែរ៕
