នាវាប្រភេទ RORO ឈ្មោះ Astra Ace បានដឹករថយន្តថ្មីរបស់ក្រុមហ៊ុន Toyota (Cambodia) Co. Ltd មានចំនួនច្រើនរហូតដល់ ២៥៨ គ្រឿង តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
នេះជាប្រវត្តិសាស្រ្តថ្មី និងលើកទី២ ដែលមានការដឹករថយន្តថ្មីចូលច្រើនបំផុតតាមកំពង់ផែខេត្តព្រះសីហនុ ដែលជាច្រកដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់នៃប្រទេសកម្ពុជា។





បើតាមប្រភពពីបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនតូយ៉ូតាប្រចាំនៅកម្ពុជាបានឲ្យឧកញ៉ាញូស៍ដឹងថា រថយន្តតូយ៉ូតាជាង ២០០ គ្រឿងដែលដឹកមកដល់កំពង់ផែខេត្តព្រះសីហនុប៉ុន្មានថ្ងៃមុននេះ មានប្រភពពីប្រទេសឥណ្ឌូណេស៊ី។
បើតាមបុគ្គលិកដដែលបន្តថា ពីមុនការដឹកតាមនាវាត្រូវឈប់សំចតនៅប្រទេសថៃ មុនដឹកជញ្ជូនបន្តមកប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែត។
ដោយឡែកការដឹកតាមនាវាដោយផ្ទាល់ពីប្រទេសឥណ្ឌូណេស៊ីមកកាន់កំពង់ផែខេត្តព្រះសីហនុ ចំណេញទាំងពេលវេលា និងថវិកា ដោយមិនចាំបាច់ខាតពេលត្រូវរង់ចាំដឹកបន្តពីប្រទេសថៃដូចមុនទៀតទេ៕