ក្រសួងអភិវឌ្ឍន៍ជនបទ កំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ ដូចជាខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រៃវែង និងស្វាយរៀង។ ខណៈខេត្តកណ្ដាល មានស្រុកចំនួន ០៤ គឺស្រុកអង្គស្នួល កណ្តាលស្ទឹង ខ្សាច់កណ្តាល និង ស្រុកលើកដែក សម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល “ODF” នឹងបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក អ៊ុក រ៉ាប៊ុន លើកឡើងថា ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបាន និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី កំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។
លោកថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននឹងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀងផងដែរ។
ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០% លោករដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួម និងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តនូវ ផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២១កន្លងទៅ លោក អ៊ុក រ៉ាប៊ុន បានអះអាងថា ប្រជាជននៅតាមជនបទទាំងអស់នឹងមានទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់នៅក្នុងរយៈពេល ៧ ឆ្នាំទៀត។
បើតាមលោក អ៊ុក រ៉ាប៊ុន នៅឆ្នាំ ២០២៥ ប្រជាជននៅតាមជនបទទាំងអស់នឹងមានទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ហើយពួកគេនឹងរស់នៅក្នុងបរិយាកាសល្អ។ គោលដៅសម្រាប់ការអភិវឌ្ឍសតវត្សរ៍ គឺ ប្រជាជននៅតាមតំបន់ជនបទចំនួន ៥០ ភាគរយនឹងទទួលបានទឹកស្អាតហើយ ៣០ ភាគរយនឹងមានបង្គន់អនាម័យនៅឆ្នាំ ២០១៥៕