ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ និងតំបន់សេដ្ឋកិច្ចពិសេស ៥កន្លែង ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចមួយជួយដល់ការរក្សាកំណើនទំហំសេដ្ឋកិច្ចជាតិ។ ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រការ៉េ មានក្រុងចំនួន ២ និង ៧ស្រុក មានប្រជាជនពលរដ្ឋប្រមាណ ៧៩មឺននាក់ ក្នុងនោះមាន ៨៥% ប្រកបមុខរបរធ្វើស្រែចំការ និង១៥% ជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។ នេះបើតាមការលើកឡើងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងជំនួបពិភាក្សាជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) នៅថ្ងៃអង្គារ៍ ទី១ កុម្ភៈម្សិលមិញ។
លោក អ៊ុំ រាត្រី បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រគួន និងច្រកព្រំដែនម៉ាឡៃ។ ដោយឡែក តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៥កន្លែង នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម ១ កន្លែង នៅក្រុងសិរីសោភ័ណ។
បើតាមលោក អ៊ុំ រាត្រី នៅក្រុងប៉ោយប៉ែតមានក្រុមហ៊ុនជប៉ុនចំនួន ០៦កន្លែងកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង ១ ក្រុមហ៊ុនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី ដែលផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក។
ក្នុងជំនួបនេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានស្នើឲ្យលោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន កម្ពុជា ជួយផ្សព្វផ្សាយក៍ដូចជាជម្រុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន ឲ្យមកវិនិយោគទុន និងដើរកម្សាន្តនៅលើទឹកដីខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោក តាមឺរ៉ាក់ សឺតុមឺ បានលើកឡើងថា សមាគនជប៉ុនគ្រោងនឹងដឹកនាំវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជា នឹងមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ លើសក្តានុពលដែលប្រទេសកម្ពុជា និងខេត្តបន្ទាយមានជ័យកំពុងមាន ដូចជាលើវិស័យ កសិកម្ម ស្រូវដំឡូងមី និងវិស័យឧស្សាហកម្ម ទេសចរជាដើម៕