លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូន បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ជាដើម ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគម្រោងផែនការ និងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាព។
លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះក្នុងពេលក្រសួង កំពុងសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងគោលនយោបាយដឹកជញ្ជូន ប្រកបដោយចីរភាពសំដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង ទំនាក់ទំនង និងកិច្ចសហការល្អបន្ថែមទៀត ធ្វើយ៉ាងណាជំរុញការប្រើប្រាស់យានយន្តដោយថាមពលអគ្គិសនីដើម្បីរួមចំណែកទប់ស្កាត់ការបំពុលបរិស្ថាន។
លោករដ្ឋមន្រ្តីបានលើកអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។
បើតាមលោករដ្ឋមន្រ្តី ក្រសួងក៏គ្រោងនឹងជួបពិភាក្សាជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EVs ដែលក្នុងនោះរួមមាន៖ ស្ថានីយសាំងតូតាល់ កាល់តិច សូគីមិច និងតេលាជាដើម៕