រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចឲ្យអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ដែលប្រើប្រាស់ទុនសរុបប្រមាណ ១៥លានដុល្លារអាមេរិក។
ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL នឹងចាប់ផ្តើមសាងសង់មន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ មានស្ថិតនៅដីឡូតិ៍លេខ ៤៦-៤៨-៥០ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីរពេទ្យឯកជននេះ មានសមត្ថភាពអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។
សូមជម្រាបថា ក្នុងអំឡុងពេលជាងមួយទសវត្សរ៍កន្លងទៅនេះ ប្រព័ន្ធសុខាភិបាលនៅកម្ពុជាត្រូវបានកែទម្រង់ និងអភិវឌ្ឍកាន់តែប្រសើរឡើង។ សមិទ្ធផលធំៗមួយចំនួនរួមមាន អត្រាមរណៈទារកបានថយចុះត្រឹម ២២.៨ មរណភាព ក្នុងចំណោមទារក ១០០០នាក់ គិតត្រឹមឆ្នាំ ២០១៩។ រីឯអាយុរស់នៅមធ្យមសម្រាប់បុរសបានកើនដល់ ៦៧ឆ្នាំ និងស្ត្រី បានកើនដល់ ៧១ឆ្នាំ។
ទោះជាយ៉ាងណាក្តី គុណភាពនៃប្រព័ន្ធសុខាភិបាលរបស់រដ្ឋនៅប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ ដោយប្រឈមជាបន្តបន្ទាប់នូវបញ្ហាខ្វះសម្ភារៈ អ្នកជំនាញ និងធនធានផ្សេងៗទៀត។
បញ្ហាប្រឈមទាំងនេះ បណ្តាលឲ្យមានការស្វែងរកសេវាថែទាំសុខភាពពីវិស័យឯកជន ដោយអ្នកជំងឺប្រមាណ ៦០ភាគរយ បានទទួលសេវាសុខភាពពីវិស័យឯកជន កាលពីឆ្នាំ ២០១៥៕