អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមចុះត្រួតពិនិត្យការប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ សូមរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់កំណត់នៅអគ្គនាយកដ្ឋានពន្ធដារ ឬតាមសាខាពន្ធដារ និងតាមធនាគារជាដៃគូរ។ ទន្ទឹមនឹងនោះ ក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនពេលកន្លងមកផងដែរ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹកសារជាថ្មីម្តងទៀតថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធ។ ក្នុងន័យនេះ ពន្ធដារចង់បញ្ជាក់បន្ថែម ដែលវានាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ ឬអាចកើតមាននូវបាតុភាពអសកម្មណាមួយកើតឡើងជាយថាហេតុនោះទេ។

បើតាមទិន្នន័យក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនបានប្រមាណ ៩៣ លានដុល្លារពីយានយន្តជិត ៨០ ម៉ឺនគ្រឿង ស្មើនឹង ១៧៤,២ ភាគរយនៃផែនការឆ្នាំ ២០២១ កើនជិត ៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ទិន្នន័យដដែលបានបង្ហាញថា ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២១ បានចាប់ផ្តើមប្រមូលពីថ្ងៃទី ១ ខែមិថុនា ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២១។ ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបានប្រមូលពីយានយន្តចំនួន ៧៩១ ១៦៨ គ្រឿង ដោយទទួលបានប្រាក់ពន្ធ ៣៨៥ ៣៤៧,៨ លានរៀល ស្មើនឹងប្រមាណ ៩៣ លានដុល្លារ។
តាមទិន្នន័យនេះបញ្ជាក់បន្ថែមថា ចំនួនយានយន្តដែលត្រូវប្រមូលពន្ធក្នុងឆ្នាំ២០២១ បានកើន ៧២ ០៦៧ គ្រឿងដោយប្រាក់ពន្ធមានចំនួន ២៨ ២៤៤,៣ លានរៀល ស្មើជិត ៧ លានដុល្លារ៕