ខេត្តស្វាយរៀង គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ស្ថិតនៅប៉ែកអាគ្នេយ៍មានចម្ងាយប្រមាណ១២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កន្លែង ហើយ ៩ កន្លែងកំពុងដំណើរការ។ សរុបទូទាំងខេត្ត មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៧ កន្លែង។
តាមរយៈតំបន់សេដ្ឋកិច្ចពិសេស រួមទាំងសហគ្រាសខ្នាតតូចនិងមធ្យមទូទាំងខេត្ត បានរួមចំណែកផ្តល់ការងារប្រមាណ ៩៥ ៤៧០នាក់ ក្នុងនោះកម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាស មានចំនួន ៦ ម៉ឺននាក់។
បើតាមលោកប្រធានក្រុមប្រឹក្សាខេត្ត ពលរដ្ឋនៅខេត្តស្វាយរៀងមានចំនួនសរុបជាង ៦៥ ម៉ឺននាក់ ហើយប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មដែលមានជាង ៥៨% ឧស្សាហកម្ម និងសេវាកម្ម ៤០% និងមុខរបរសិប្បកម្មប្រមាណ ២%។
បច្ចុប្បន្នខេត្តស្វាយរៀងមានច្រកទ្វារព្រំដែនចំនួន ៨ កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ ២ កន្លែង ច្រកទ្វារ ព្រំដែនទ្វេភាគី ២ កន្លែង និងច្រកទ្វារតំបន់ ៤ កន្លែង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញពាណិជ្ជកម្មឆ្លងកាត់ទៅប្រទេសវៀតណាម។