កូនប្រុសសម្តេចក្រឡាហោម ស ខេង លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តាមរយៈទំព័រហ្វេសបុកនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈនេះបានគូសបញ្ជាក់ ជាដដែលៗ លោកនៅតែមានការសោកស្ដាយ ដែលបានឃើញសកម្មភាពកាត់តរូបភាពក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ។ លោកថា ដូចគ្នាដែរ ការលាបពណ៌ដើម្បីកេញចំណេញនយោបាយខុសពីភាពពិតជាក់ស្ដែង ដោយបង្កើតប្រធានបទវាយប្រហាររាជរដ្ឋាភិបាលក្ដី គណបក្សប្រជាជនកម្ពុជាក្ដី ឬបង្កើតរឿងវាយប្រហារត្រង់ៗលើបុគ្គលក្ដី គ្មានអ្វីក្រៅតែពីចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សនោះឡើយ។
លោក ស សុខា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «នេះមានន័យថា ក្រុមប្រឆាំង គ្មានគំនិតបង្កើតថ្មី គ្មានផែនការយុទ្ធសាស្ត្រជាក់ច្បាស់ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា ក្រៅតែពីប្រើសិល្ប៍បំបែកផ្ទៃក្នុងនោះ»។
លោកថ្លែងថា៖ «ខ្ញុំយល់ថា យុវជន និងប្រជាពលរដ្ឋពលរដ្ឋខ្មែរ លោកយល់ច្បាស់ប្រកបដោយសុភវិន្និច្ឆ័យលើយុទ្ធវិធីទុច្ចរិតដដែលៗទាំងនេះ។ ទាំងសកម្មភាពកាត់តរូបភាពទម្លាក់កំហុសលាបពណ៌ និងសំណេរញុះញុងជាបន្តបន្ទាប់ពីសំណាក់ក្រុមប្រឆាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាព និងសីលធម៌នយោបាយរបស់ពួកគេ»។
បើតាមកូនប្រុសសម្តេចក្រឡហោម ស ខេង ដែលស្ថិតក្នុងចំណោមអ្នកបន្តវេនរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន ជារួម វាគ្រាន់តែជារបៀបវារៈនយោបាយចាស់គំរិលបែបច្រំដែលៗ ក្នុងចេតនាញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តែដែលពុំអាចទៅរួច ឬគ្មានប្រសិទ្ធភាពនោះឡើយ។
លោកបញ្ជាក់ថា៖ «ជាសាររបស់ខ្ញុំ ប្រសិនបើ យុទ្ធសាស្ត្រ និងយុទ្ធវិធីនយោបាយចាស់ៗទាំងឡាយណាដែលដាក់ចេញទៅគ្មានប្រសិទ្ធផល និងគ្មានស័ក្ដិសិទ្ធិភាពទេ គួរណាស់ផ្លាស់ប្ដូរវិធី។ លើសពីនេះ បើរបៀបវារៈនយោបាយណាមានចរិតអវិជ្ជមានគ្មានសីលធម៌ មិនបានផល គប្បីដាក់ចេញរបៀបវារៈ បែបវិជ្ជមាន មានសីលធម៌ វិញ ប្រសើរជាង។ សូមចាំថា បើមិនស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាច្បាស់ទេ កុំនិយាយល្អជាង…..!»។
សូមជម្រាបថា វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា ឆ្នាំ២០២១កន្លងទៅ ត្រូបានអតីតមេបក្សប្រឆាំងក្រៅប្រទេសប្រកាសថា ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរគឺជាគំនិតមួយដ៍ត្រឹមត្រូវ។ ភ្លាមៗនោះ កូនប្រុសសម្តេច ស ខេង ចេញមុខមកបញ្ជាក់ថា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។
លោកលើកឡើងថា «ចំពោះការលើកឡើងទាំងមិនពិត របស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង»។
ក៏ប៉ុន្តែសម្រាប់ លោក ស សុខា ការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូចនៃអតីតគណបក្សសង្គ្រោះជាតិ គឺសំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលលោកអះអាងថាកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ៕