ក្រុមហ៊ុនបរទេសធំៗដែលធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជា Facebook, Youtube, Netflix បានចាប់ផ្តើមទាក់ទងមកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារបណ្តើរៗហើយ ដើម្បីអនុវត្តបង់ពន្ធ អាករលើតម្លៃបន្ថែម (VAT)។ នេះបើតាមការឲ្យដឹងពីលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីពិសេស ស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈនេះ។
ការចាប់ផ្តើមទាក់ទងមកចុះបញ្ជីនៅពេលនេះរបស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញបរទេសល្បីៗ ទំនងកើតឡើងស្របពេលដែលកម្ពុជានឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
បើតាមលោក គង់ វិបុល ក្រុមហ៊ុនទាំងនេះ បានស្នើសុំពេល៣ខែ ដើម្បីរៀបចំឯកសារ តែរាជរដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតិឲ្យរួចរាល់ហើយដែរ។
សូមស្តាប់ប្រសាសន៍លោក គង់ វិបុល៖
យ៉ាងណា លោក គង់ វិបុល មិនទាន់អាចព្យាករណ៍បានទេថា កម្ពុជានឹងអាចទទួលបានចំណូលប៉ុន្មានលើវិស័យពាណិជ្ជកម្មតាមអនឡាញ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ បានជ្រោមជ្រែងឲ្យមានការបង្កើតច្រកទ្វារអ៊ីនធឺណែតជាតិ ដើម្បីគ្រប់គ្រង និងពង្រឹងលើការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មតាមអនឡាញនេះឱ្យមានប្រសិទ្ធភាព។
ជុំវិញការបង្កើតច្រកទ្វារអ៊ីនធឺណែតជាតិនេះដែរ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន នៅថ្ងៃទី១ ខែកុម្ភៈ បានលើកឡើងថា ការបង្កើតច្រកទ្វារអ៊ីនធឺណែត គឺជាការគោពតាមគោលការណ៍ច្បាប់ និងមានភាពចាំបាច់ ក្នុងការរួមចំណែកជំរុញកំណើន និងអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
ស្ថានបេសកកម្មកម្ពុជា បានបញ្ជាក់ថា ច្រកទ្វារអ៉ីនធឺណែតជាតិនេះពុំមែនមិនធ្លាប់មាននៅក្នុងពិភពលោកនោះទេ។ ការបង្កើតច្រកទ្វារអីុនធឺណែត គឺដើម្បីសម្រួលការតភ្ជាប់អីុនធឺណែត ការប្រមូលពន្ធ ពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម។ ជាពិសេសសំដៅដល់ការទប់ស្កាត់បទល្មើសនានា ដែលអាចកើតមានតាមប្រព័ន្ធអីុនធឺណែត៕