ក្រសួង​សាធារណការ​ជួប​តំណាង​ស្ថានីយប្រេង​ឥន្ធនៈ​ធំៗ​​ គម្រោង​​បំពាក់​ឧបករណ៍បញ្ចូលថាមពល ជំរុញការ​ប្រើប្រាស់​រថយន្តអគ្គិសនី

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីសាធារណការ​និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល និង​តំណាងស្ថានីយប្រេងឥន្ធនៈធំៗ​ចំនួន ៥ បាន​ជួបប្រជុំ​គ្នា​អំពីគម្រោង​រៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួនប្រាំរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជា ទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្ត អគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

ក្នុង​ជំនួប​នោះ លោក​រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល បានលើកបង្ហាញ​អំពីបច្ចុប្បន្នភាពនៃការជំរុញការប្រើប្រាស់យានយន្ត EVs គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយសាកថ្មយានយន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏​បាន​លើក​ដល់​តំណាង​ស្ថានីយប្រេង​ឥន្ធនៈ​អំពីគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល។

ជាមួយ​គ្នា​នេះ ក្រសួងក៏​កំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda ,NHAM24 និង​ E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនីជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។

លោក​រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០%។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុនបានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួង និងខិតខំធ្វើការងារជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយានយន្ត EVs នៅតាមបណ្តាទីតាំងស្ថានីយនានារបស់ខ្លួន៕