សម្តេច ហ៊ុន សែន ដាក់ឲ្យប្រើប្រាស់គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» ខណៈកន្លងមកកំពុងជួបបញ្ហាប្រឈមជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានដាក់ឱ្យប្រើប្រាស់គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» ឆ្នាំ២០២២-២០៣៥។ គោលនយោបាយនេះ ដាក់ចេញស្របពេលដែលនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ បន្ថែមដោយការរីករាលដាលជំងឺកូវីដ-១៩ បានជំរុញឲ្យកម្ពុជាពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់នៃការជំរុញប្រភពកំណើនថ្មី ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលធម្យមកមម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងដំណើរការបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលមានសសរស្តម្ភសំខាន់ចំនួន ៣ គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចកិច្ចឌីជីថល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» ឆ្នាំ២០២២-២០៣៥ ដែលមានកម្រាស់ ៩៧ទំព័រនេះ ជាឯកសារយុទ្ធសាស្រ្តឆ្លុះបញ្ចាំងអំពីការគិតគូរវែងឆ្ងាយរបស់របស់រាជរដ្ឋាភិបាលនិងជាផែនទីបង្ហាញផ្លូវ ក្នុងគោលដៅសម្រេចឲ្យបានការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលពេញលេញ។ គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» បានផ្តោតលើចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់វើក ហើយដំណើរការនៃបរិវត្តកម្មឌីជីថល ត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភសម្រាប់ជំរុញធុរជននិងប្រជាពលរដ្ឋឲ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត។

បន្ថែមលើនេះ នៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក៏បានមើលឃើញវឌ្ឍនភាពនៃការកសាងរដ្ឋាភិបាលឌីជីថលកម្ពុជា ស្ថិតក្នុងដំណាក់កាលដំបូង ដោយហេតុថា ឌីជីថលនីយកម្មតាមក្រសួងស្ថាប័ននៅមិនទាន់បានធ្វើសមាហរណកម្មពេញលេញជាមួយគ្នានៅឡើយ។

ជាមួយគ្នានេះ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលកម្ពុជាបាននឹងកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលជាភាពខ្សោយនៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល រួមមាន៖ «ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលនៅមិនទាន់គ្របដណ្តប់ពេញផ្ទៃប្រទេស បញ្ហាគុណភាពសេវា លទ្ធភាពធនធានហិរញ្ញវត្ថុ ប្រព័ន្ធឌីជីថលនៅតាមក្រសួង ស្ថាប័នបង្កើតតាមតម្រូវការរៀងៗខ្លួន និងត្រួតគ្នា និងមានប្រើប្រាស់ថ្នាលជាតិរួម»។

ទន្ទឹមនឹងនោះ ចំណុចខ្សោយមជ្ឈមណ្ឌលទិន្នន័យជាតិ សម្រាប់ផ្ទុកទិន្នន័យរួមនិងផ្តល់ធនធានគណនាពុំទាន់មាននៅឡើយ ចំណែកឯក្រសួង ស្ថាប័នទាំងអស់ស្ទើរតែគ្មានហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពផ្នែកបច្ចេកទេសសន្តិសុខឌីជីថល។

ជារួម ការជ្រើលរើសសកម្មភាពអាទិភាពក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នៅពេលនេះរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវភាពប្រទាក់ក្រឡាគ្នាជួយបំពេញគ្នាទៅវិញទៅមក ស៊ីជម្រៅ និងស្របតាមយុទ្ធសាស្រ្តច្បាស់លាស់ ឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថលពេញលេញ សម្រាប់ឆ្នាំ២០៣៥។

សូមជម្រាបជូនថា លទ្ធផលនៃការវាយតម្លៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលដោយនាយកដ្ឋានសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ UN-DESA បានបង្ហាញថា៖ តម្លៃមធ្យមនៃសន្ទស្សន៍អភិវឌ្ឍរដ្ឋាភិបាលឌីជីថលបានកើនឡើងពី ០,៥៥ ក្នុងឆ្នាំ២០១៨ ដល់ ០,៦០ ក្នុងឆ្នាំ២០២០ នៅប្រទេសចំនួន ១២៦ ក្នុងចំណោម ១៩៣ប្រទេស។ ក្នុងបរិបទតំបន់ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ត្រូវបានកំណត់ជាគោលដៅអាទិភាពសំខាន់ក្នុងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ ដែលជាមូលដ្ឋានក្នុងការបម្រើសេវាសាធារណៈជីឌីថល មានគុណភាពខ្ពស់ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៃប្រទេសក្នុងតំបន់។

តាមការចង្អុលបង្ហាញ ក្នុងក្របខណ្ឌគោលនយោយបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២២-២០៣៥ ជាការកសាងរដ្ឋាភិបាលឌីជីថល ជាសសរស្តម្ភចាំបាច់ និងត្រូវបោះជំហានមុន ដើម្បីជំរុញល្បឿនក្នុងការកសាងពលរដ្ឋនិងធុរកិច្ចឌីជីថល និងធានាភាពជោគជ័យខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលទាំងមូល៕