ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្វែថវិកាដែលទទួលបានពីការលក់សៀវភៅរឿង “គូព្រេង មិនព្រាត់” និងថវិកាចំនួន ១លានដុលា្លរអាមេរិក ទទួលបានពីពានរង្វាន់ “សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២” នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈនេះ នាវិមានសន្តិភាព។
សៀវភៅរឿង «គូព្រេងមិនព្រាត់» ជាស្នាដៃនិពន្ធចងក្រងដោយសម្ដេចតេជោ ហ៊ុន សែន បានបោះពុម្ពចែកចាយ ជាភាសាចិនលក់បានចំនួន ១៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លី ដោយក្នុងមួយច្បាប់តម្លៃ ៥ដុល្លារអាមេរិក ដោយប្រើថវិកាទាំងនេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនទាំងអស់។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកសម្ដេចបានសរសេរសៀវភៅមួយមាន ចំណងជើងថា «គូព្រេងមិនព្រាត់»ដែលបានបោះពុម្ពជា ៣ភាសាមានខ្មែរ អង់គ្លេស និងចិន។ សម្រាប់ការបោះពុម្ពជាភាសាចិនគឺ រ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។ សម្ដេចបន្ថែមថា ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរ ដែលសៀវភៅ «គូព្រេងមិនព្រាត់» ជាភាសាចិនត្រូវដាក់លក់អស់ ១,៥០០ ច្បាប់ក្នុងរយៈពេលដ៏ខ្លី ដែលបានចំណូល ៧,៥០០ដុល្លារ ដោយក្នុងមួយច្បាប់តម្លៃ ៥ដុល្លារ ។
ទន្ទឹមនេះសម្ដេចក៏បញ្ជាក់ដែរថា ចំពោះសៀវភៅជាភាសាខ្មែរបោះពុម្ពចំនួន២ម៉ឺនច្បាប់ និងជាភាសារអង់គ្លេសបោះពុម្ពចំនួន៥ពាន់ច្បាប់ដោយទាំង២ភាសារចែកជូនដោយឥតគិតថ្លៃ ហើយសម្រាប់ភាសារខ្មែរអាចស្វែងរកនៅតាមបណ្ណាល័យផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលថ្មីៗនេះ ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ សម្រាប់ឆ្នាំ២០២២ ពីមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់របស់ប្រទេសកូរ៉េខាងត្បូង ដោយសារមានស្នាដៃក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍដ៏ធំធេងសម្រាប់មនុស្សជាតិ។
គណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំខ្មែរសម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិក៕