ជប៉ុនបានក្លាយជាទីផ្សារ នាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួប​នោះ​លោក​រដ្ឋមន្រ្តី​បានលើ​ក​អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាការងារពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន ផងដែរ។

បើតាម​លោក​រដ្ឋមន្រ្តី ជប៉ុនបានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានចំនួនរហូតដល់ ១,៥ លាន ដុល្លារ។ កម្ពុជាបាននាំចូលសូត្រឆៅប្រមាណ ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន ប្រទេសថៃ វៀតណាម ចិន និង ជប៉ុន

លោក​រដ្ឋមន្រ្តី​ក៏​បាន​លើក​ពីទំហំពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ បើ​យោង​តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ ពាន់លានដុល្លារ គិតត្រឹមខែសីហា ឆ្នាំ​២០២១។ សក្តានុពលផលិតផលនាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ៕