បង្កងដៃវែងត្រូវបានកសិករខេត្តតាកែវចិញ្ចឹមទទួលបានលទ្ធផលដំបូង ក្រោយមានការសាកល្បងចិញ្ចឹមដោយមានការជួយជ្រោមជ្រែងពីអ្នកបច្ចេកទេសវារីវប្បកម្ម។



លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល និងជាអ្នកបច្ចេកទេសវារីវប្បកម្មដែលបានចូលរួមណែនាំបច្ចេកទេសចិញ្ចឹមបង្កងដៃវែងបានប្រាប់ឧកញ៉ាញូសន៍តាមទូរសព្ទថា កសិករ ៦ គ្រួសារនៅក្នុងស្រុកទ្រាំង ស្រុកបុរីជលសារ និងស្រុកកោះអណ្តែត បានចាប់អារម្មណ៍៍ និងសាកល្បងចិញ្ចឹមបង្កងដៃវែងជាលើកដំបូង ដោយមានការសម្របសម្រួល និងផ្តល់បច្ចេកទេសចិញ្ចឹមដោយក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម សហការជាមួយមន្រ្តីជំនាញវារីវប្បកម្មនៃខេត្តតាកែវ។
ក្រោយការសាកល្បងបានប៉ុន្មានខែនេះឃើញថា កសិករគំរូទាំង ៦ គ្រួសារ ពេញចិត្តផលបង្កង ដោយសារមានការលូតលាស់បានល្អ មានទំហំធំ។ បើតាមមន្រ្តីកសិកម្មរូបនេះ កសិករខ្លះទៀតមានផែនការពង្រីកផ្ទៃដីស្រែដែលនៅសេសសល់ ដើម្បីធ្វើការចិញ្ចឹមបង្កងចម្រុះជាមួយដំណាំស្រូវ។



“កសិករចិញ្ចឹមបង្កងទាំង ៦ គ្រួសារនេះ អ្នកខ្លះបានរៀបចំពង្រីកផ្ទៃដីស្រែ និងបានដាក់ស្តុកកូនបង្កងពូជរួចរាល់ហើយ រីឯអ្នកខ្លះទៀតនឹងមានផែនការពង្រីកផ្ទៃដីស្រែសម្រាប់ចិញ្ចឹមបង្កងជាបន្តទៀត ដើម្បីទទួលបានផលបង្កងច្រើនបន្ថែមទៀត”។
បើតាមលោក ហាវ វិសិដ្ឋ ទិន្នផលទទួលបានមិនទាន់ប្រមូលផលអស់នៅឡើយទេ។ ដោយសារកសិករទាំង ៦ គ្រួសារទើបតែដាក់ពូជបង្កងនៅអំឡុងខែ ៨ ឆ្នាំទៅនេះ បើគិតមកដល់ពេលនេះទើបតែបាន ៦ ទៅ ៧ ខែ ហើយដល់ចូលឆ្នាំខ្មែរដែលជារដូវប្រមូលផល ទើបដឹងថាបានផលយ៉ាងណាចំណេញឬខាត។
បើតាមមន្រ្តីវារីវប្បកម្មដដែលបញ្ជាក់ថា ពូជបង្កងដែលសាកល្បងយកមកចិញ្ចឹមនេះជាពូជបង្កងទឹកសាប ឬដែលគេហៅពូជបង្កងដៃវែងជាពូជបង្កងមាននៅក្នុងស្រុក ដែលពូជបង្កងនេះក៏មានតាមបណ្តាប្រទេសមួយចំនួនដូចជាថៃ និងវៀតណាម៕៕