វិស័យឡូជីស្ទីក ពិតជាមានសារសំខាន់ ប៉ុន្តែវិស័យនេះមានបញ្ហាចម្បងៗមួយចំនួនដែលត្រូវដោះស្រាយសម្រាប់ប្រទេសកម្ពុជា។ បើតាមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីតម្រង់ទិសជំនាញសិក្សារបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យ ទី០៦ កុម្ភៈនេះបានលើកឡើងថា វិស័យឡូជីស្ទីកជាវិស័យដ៏ធំទូលំទូលាយ តែក្រសួងមិនដែលមានផែនការមេសម្រាប់គាំទ្រវិស័យនេះទេ ទោះយ៉ាងណានេះក្តី ក្រសួងបានធ្វើចប់សព្វគ្រប់រួចមកហើយដែរ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា។
លោក ស៊ុន ចាន់ថុល ថ្លែងថា ក្នុងប្រវត្តិសាស្រ្តកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន មិនដែលមានផែនការមេស្តីពីវិស័យភស្តភារកម្មនៅកម្ពុជានោះទេ ប៉ុន្តែយើងបានធ្វើចប់សព្វគ្រប់រួចអស់ហើយ ដោយបានសហការគ្នាជាមួយធនាគារពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ជូនមន្រ្តីឲ្យទៅសិក្សាហើយរៀបចំតាក់តែងជាផែនការមេ សម្រាប់ការដឹកជញ្ជូន ការតភ្ជាប់ ពហុមធ្យោបាយ និងឡូជីស្ទីកនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា ផែនការមេនេះត្រូវការថវិកា ៥០ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍរយៈពេល ១០ឆ្នាំ មាន ៣៣២គម្រោង ដែលត្រូវតែកសាង ទើបប្រព័ន្ធឡូជីស្ទីកអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង និងអាចទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបាន។
លោកថា វិស័យឡូជីស្ទីកសំខាន់ណាស់ ព្រោះសព្វថ្ងៃក្រសួងសាធារណការមិនទាន់មានមន្រ្តី និងធនធានគ្រប់គ្រាន់ខាងវិស័យឡូជីស្ទីកនោះទេ។
លោកទេសរដ្ឋមន្រ្តីថ្លែងបន្តយ៉ាងដូច្នេះថា៖ “យើងត្រូវមើលភូមិសាស្រ្តប្រទេសកម្ពុជានៅចំកណ្តាលបេះដូងនៃមហាអនុតំបន់ទន្លេមេគង្គដែលមានកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងភាគខាងត្បូងនៃប្រទេសចិន ដែលមានប្រជាពលរដ្ឋរស់នៅ ២៣០លាននាក់ ដូច្នេះយើងរៀបចំប្រព័ន្ធឡូជីស្ទីកបានល្អ យើងក្លាយទៅជាតំបន់ដែលជួយផ្គត់ផ្គង់ហើយឲ្យគេមកបណ្តាក់ទុនៅកម្ពុជា បន្ទាប់មកលក់ទៅឲ្យទីផ្សារនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ”។
ជាមួយគ្នានេះ លោកក៏ណែនាំឲ្យរៀនសំឡឹងមើលឲ្យវែងឆ្ងាយដោយកុំគិតតែទៅលើេទីផ្សារកម្ពុជាដែលមានប្រជាជន ១៧លាននាក់ ត្រូវត្រូវគិតទីផ្សារមហាអនុតំបន់ទន្លេមេគង្គ ២៣០លាននាក់ ឬប្រទេសអាស៊ានទាំងមូលចំនួន ៦៥០លាននាក់វិញទើបល្អ។ លោកថា បើយើងគ្មានធនធានយើងមិនអាចគិតលើសក្រៅពីទំហំមុខរបស់យើងនោះទេ តែបើយើងជិះឧទ្ធម្ភាចក្រមើលពីលើមេឃមកវិញយើងនឹងដឹងទំហំខុសគ្នាជាក់ជាមិនខាន។
សូមជម្រាបថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច បានជំរុញក្រសួងធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តផែនការវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្ដម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ប្រកដោយប្រសិទ្ធភាពខ្ពស់។
លោកបន្តថា ក្រសួងសាធារណការ បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់ មានជា អាទិ៍៖ គម្រោងផ្លូវក្រវាត់ក្រុងទី៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) និង(ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ២ និងលេខ២២ , គម្រោងកំណាត់ផ្លូវជាតិលេខ៧ (ត្បូងឃ្មុំ ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត។
ទន្ទឹមនឹងនោះ លោកក៏បានស្នើក្រសួងបន្តផ្ដោតការយកចិត្តទុកដាក់លើគុណភាព នៃហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវទទួលយកតែគម្រោងណា ដែលបានសាងសង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស៕