រាជរដ្ឋាភិបាល គ្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅខេត្តពោធិ៍សាត់ ក្នុងតម្លៃខ្ទង់លានដុល្លារ ដែលនឹងត្រូវចាប់ដំណើរការសាងសង់នៅឆ្នាំ២០២២នេះ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកនិងឆ្លើយតបទៅនឹងភាពរីកចម្រើននៃវិស័យកីឡានៅកម្ពុជា។ នេះបើតាមលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងពិធីជួបសំណេះសំណាល និងនិមន្តព្រះសង្ឃប្រោះព្រំឆ្នាំថ្មីដល់ប្រជាពលរដ្ឋស្រុកក្រគរ ពេលកន្លងទៅ។

លោក កែវ រតនៈ បញ្ជាក់ថា៖ «មិនខុសពីឆ្នាំនេះទេ នឹងមានការបុគគ្រឹះសាងសង់ មជ្ឈមណ្ឌលពហុកីឡាដ្ឋាន សម្តេចតេជោ នៅវាលយន្តហោះសម្តេចយសនេះហើយ។ បច្ចុប្បន្ននេះយើងបានដោះស្រាយបញ្ហាទំនាស់ដីធ្លី និងបានដោះស្រាយសំណងផលប៉ះពាល់បានរួចរាល់ហើយដែរ»។
លោកបន្តថា៖ «យើងក៏បានឈូសឆាយ ចាក់ដីរួចរាល់ និងបន្តធ្វើរបងឱ្យបានឆាប់បំផុត មុននឹងឈានដល់ការសាងសង់។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បាននឹងកំពុងត្រៀមរៀបចំធ្វើផ្លូវក្រាលកៅស៊ូ ប្រវែងជិត៣គីឡូម៉ែត្រ នៅរ៉បនឹងទីតាំងពហុកីឡដ្ឋាននេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅវត្តសម្តេចយស ដែលគម្រោងនេះ នឹងចាប់ដំណើរនៅអំឡុងខែកុម្ភៈនេះ»។

បើតាមលោក កែវ រតនៈ សំណង់ពហុកីឡដ្ឋាននេះ នឹងក្លាយជាពហុកីឡដ្ឋានដែលធំជាងគេបង្អស់ សម្រាប់ភូមិភាគ រាប់គិតចាប់ពីខេត្តកំពង់ឆ្នាំង រហូតដល់ខេត្តបាត់ដំបង។ គម្រោងពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ពហុកីឡដ្ឋាននេះសាងសង់ឡើង ដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតំបន់អាស៊ាន «Sea Game» នៅឆ្នាំ២០២៣។ ពហុកីឡាដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត។ល៕

