ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងរៀបចំចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើងវិញ ក្រោយខកខានជាង២ឆ្នាំរួចមកហើយ បន្ទាប់ស្ថានភាពជំងឺកូវីដ-១៩។

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា៖ “ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានផ្អាករយៈពេល ២ឆ្នាំមកហើយដោយសារជំងឺកូវីដ-១៩ តែឆ្នាំនេះ គឺត្រូវធ្វើយ៉ាងណារៀបចំឲ្យបាន”។
ជាមួយគ្នានេះ សម្ដេចបានអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េច កុំឲ្យដើរថយក្រោយខានចូលឆ្នាំ ហើយនាំគ្នារាំលេងសប្បាយ តែត្រូវរាំឲ្យឃ្លាតគ្នាបន្តិច។

ជាថ្មីម្តងទៀត សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ក៏ដូចជា កុំនិយាយ ឬប្រើប្រាស់ទូរស័ព្ទពេលកំពុងធ្វើដំណើរជាដើម៕