កូនប្រុសច្បងសម្តេច ស ខេង រដ្ឋាភិបាលតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ជា ស៊ីម ចំចាយមារ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន សម្រេចតែងតាំងលោក ស សុខា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សម្រាប់អាណត្តិឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ខណៈពេលបច្ចុប្បន្នលោកជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនមែន​មាន​តែ​លោក ស សុខា ម្នាក់​នោះ​ទេ​ដែល​ត្រូវ​បានផ្តល់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ឥស្សរជន ៥ ​រូប​ទៀត​ក៏​ត្រូវ​បានតែងតាំងជាសមាជិកដូចគ្នាផងដែរនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ គឺលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង និងលោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។

លោក ស សុខា ជាកូន​ប្រុសច្បង​របស់​សម្តេចក្រឡាហោម ស ខេង ​ឧបនាយក​រដ្ឋមន្រ្តី និង​​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ ក្រៅ​ពី​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាលកម្ពុជា សម្តេច​ក៏​​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក ស សុខា បច្ចុប្បន្នកំពុងកាន់តួនាទីជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ជំនួស​ដំណែងសម្តេចក្រឡាហោម ស ខេង ដែលបានលាឈប់។ លើសពីនេះ លោកក៏ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងអនុប្រធានសហភាពសព័ន្ធយុវជនកម្ពុជា ផងដែរ។

ចំណែកកូនទីពីររបស់សម្តេចក្រឡាហោម គឺ​លោក​ស្រី ស ស៊ីណា មិន​មាន​ប្រភព​បញ្ជាក់កំពុងកាន់​តួនាទី​នៅ​ក្រសួង​ ឬ​ស្ថាប័ន​ជាតិ​ណា​នោះ​ទេ។ ដោយឡែក ​កូន​ប្រុស​ពៅ ​គឺ​លោក ស រដ្ឋា មាន​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ និង​ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្ត​បាត់ដំបង​ផង​ដែរ​។