លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បង្ហើបឲ្យដឹងថា ដោយសារកត្តាសុខសន្តិភាព ការការពារនិងអភិរក្ស មានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជា បានលក់ឥណទានកាបូនទៅឲ្យក្រុមហ៊ុនអន្តរជាតិធំៗ ទទួលបានទឹកប្រាក់សរុបចំនួន ១១,៦លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០។

បើតាមលោក នេត្រ ភក្រ្តា រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាន និងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមានយកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ ជាមួយគ្នានេះ លោកក៏បានបង្ហាញដែលថា នេះគឺជាមោទកភាព មួយសម្រាប់កម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។
លោកបន្តថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋាន។

កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល ដោយកម្ពុជាមានផ្ទៃដីអភិរក្សធំជាង ៣ ដងនៃការកំណត់ផែនការយុទ្ធសាស្ត្រនៃការអភិរក្សជីវៈចម្រុះសកល ដែលបានកំណត់ថា ត្រឹមឆ្នាំ២០២០ ប្រទេសនីមួយៗត្រូវកំណត់តំបន់អភិរក្សដីគោករបស់ខ្លួនឱ្យបាន ១៧% នៃផ្ទៃដី។
នៅឆ្នាំ ២០២២ នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣ លានហិកតានៃផ្ទៃដីគម្របព្រៃឈើសរុបដែលកម្ពុជាមាន ៨,៥លនហិកតា ស្មើនឹង ៤៦,៨៦%នៃផ្ទៃដីប្រទេសកម្ពុជា។ នេះបើតាមក្រសួងបរិស្ថាន។

គួររម្លឹកថា ការលក់ឥណទានកាបូនចំនួន ២ គម្រោងបានធ្វើឡើង ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។

ក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់៕

