មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ណែនាំឱ្យមន្ដ្រីជំនាញបន្ដចុះធ្វើអធិការកិច្ច លើបញ្ហាការទន្រ្ទាន់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប និងបញ្ហាការចំណាយថវិការដ្ឋច្រើនទាក់ទងនឹងអំពើពុករលួយនាពេលកន្លងមក។
ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈនេះ លោក ឆេង សារឿន រដ្ឋលេខាធិការនៃក្រសួងនេះ បានស្នើឱ្យមន្ដ្រីជំនាញ ត្រូវបន្ដចុះធ្វើអធិការកិច្ច ពិសេសមន្ទីរអធិការកិច្ច លើបញ្ហាព្រៃលិចទឹកនៅតាមដងទន្លេសាប និងបញ្ហាហានិភ័យចំពោះអង្គភាពណាដែលចំណាយថវិការដ្ឋច្រើនទាក់ទង និងអំពើពុករលួយ និងការកិបកេងប្រវ័ញ្ច។
ជុំវិញបញ្ហាទាក់ទងនឹងតំបន់ទន្លេសាប កាលពីចុងឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្ក្រាបបទល្មើសនៅតំបន់ព្រៃលិចទឹក កំពុងតែធ្វើឡើងយ៉ាងក្តៅគគុក។ នៅខេត្តមួយចំនួន អាជ្ញាធរប្រើធម៌ក្តៅ ចាប់ឃាត់ខ្លួនមនុស្ស និងបញ្ចូនទៅតុលាការ ព្រោះតែបានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្នុងការកាប់ទន្ទ្រានដីព្រៃលិចទឹក។ នៅខេត្តខ្លះទៀត អាជ្ញាធរនិងអ្នកតំណាងរាស្ត្រ ប្រើធម៌ត្រជាក់ ចុះសម្របសម្រួល ស្តាប់សំណូមពរ និងធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ។
តាមក្រុមស្រាវជ្រាវនៃរាជ្យបណ្ឌិតសភាកម្ពុជា ដឹកនាំដោយបណ្ឌិត សុខ ទូច ការទន្ទ្រានព្រៃលិចទឹក គឺធ្វើឲ្យខូចខាតដល់ប្រព័ន្ធជីវចម្រុះ បំផ្លាញព្រៃលិចទឹកជាជម្រមច្ឆាជាតិ ខូចធ្លាទឹក ផ្លូវទឹក និង បាត់ពូជត្រីកម្រ ជាដើម។
រដ្ឋាភិបាលកម្ពុជា បានឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងបញ្ជាឲ្យដកហូតដីរដ្ឋចំនួន២.១០០ហិកតា។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី៣ខែធ្នូឆ្នាំ២០២១។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការកំណត់ដែនព្រៃលិចទឹកប្រមាណ៦៥ម៉ឺនហិកតាស្ថិតក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
មាត្រា ៣នៃអនុក្រឹត្យនេះចែងថា អាជ្ញាធរខេត្តមានភារកិច្ចកាតព្វកិច្ចនិងការទទួលខុសត្រូវលើការគ្រប់គ្រងការការពារនិងការថែរក្សាដែនព្រៃលិចទឹកហើយចំពោះការបាត់បង់ដែនព្រៃលិចទឹកនិងព្រៃលិចទឹកដែលស្ថិតក្នុងដែនសមត្ថកិច្ចនៃខេត្តណាគណៈអភិបាលនៃខេត្តនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរដ្ឋាភិបាល៕