សភាពាណិជ្ជកម្មកម្ពុជារបស់អ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃអង្គារ៍ ទី០៨កុម្ភៈនេះ បើកសិក្ខាសាលាផ្សព្វផ្សាយអំពី “បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនីនៅអាស៊ីអាគ្នេយ៍” នៅ The Aquation Office Park ស្ថិតក្នុងមជ្ឈមណ្ឌលកោះពេជ្រ អ្នកឧកញ៉ា ពុង ឃាវសែ។

បើតាមសភាពាណិជ្ជកម្ម សិក្ខាសាលានេះប្រព្រឹត្តឡើងក្នុងគោលបំណង តភ្ជាប់ទំនាក់ទំនង ប្រទេសហ្រ្វង់កូហ្វូនី ទាំង៧០ មកពីបណ្តាប្រទេសនៅអាមេរិកខាងជើង អឺរ៉ុបខាងលិច អាហ្វ្រិក និងមហាសមុទ្រឥណ្ឌា ព្រមទាំងផ្សព្វផ្សាយជំរុញ អំពីសក្តានុពល ទីផ្សារកម្ពុជា និងផ្តល់ឱកាសក្នុងការជួបពិភាក្សាធុរកិច្ច ជាមួយ ធុរជនប្រមាណ ៣៥០ នាក់ នៅក្នុងវិស័យជាច្រើនដូចជា កសិ-ឧស្សាហកម្ម ថាមពលកកើតឡើងវិញ ទំនិញ និងសេវាកម្មឌីជីថល ជាដើម។
សូមជម្រាបជូនដែរថា សិក្ខាសាលានេះមិនមែនរៀបចំជាលើកទីមួយនោះទេ ដោយកន្លងមកសភាពាណិជ្ជកម្មកម្ពុជា រួមនឹងក្រសួងស្ថាប័នផ្សេងទៀក៏បានបើកព្រឹត្តិការណ៍នេះឡើង ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងវិស័យកសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ និងទំនិញ សេវាកម្ម ឌីជីថល និងវិស័យផ្សេងទៀត។
គួរបញ្ជាក់ថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ប្រទេស ហើយនៅឆ្នាំ ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,៦ប៊ីលានដុល្លាអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ ២០១៩៕