យុវតីវ័យក្មេងម្នាក់ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យបានសម្រេចចិត្តជ្រើសរើសជំនាញអក្សរសាស្រ្តខ្មែរ បន្ទាប់ពីស្វែងយល់ពីបញ្ហានិងដឹងពីគុណតម្លៃនៃការសិក្សាជំនាញមួយនេះ។
យុវតី រ៉េត សុកធា មានវ័យ២០ឆ្នាំ ដែលមានទីលំនៅនៅខេត្តពោធិ៍សាត់បានឲ្យដឹងថា ការសម្រេចចិត្តសិក្សាជំនាញអក្សរសាស្រ្តខ្មែរ ដោយសារមើលឃើញថាមានយុវជនជាច្រើនហាក់មើលរំលងមុខជំនាញសង្គមមួយនេះ ខណៈអក្សរសាស្រ្តក៏ជាផ្នែកមួយនៃវប្បធម៌និងអត្តសញ្ញាណជាតិ ដែលគ្រប់គ្នាត្រូវមានចំណែកក្នុងការថែរក្សានិងស្វែងយល់។
ខណៈកំពុងសិក្សាឆ្នាំទីពីរនៅសកលវិទ្យាល័យពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ សុកធា មានក្តីរំភើបនៅពេលចូលដល់ក្នុងថ្នាក់ដែលនាងសិក្សាជាមួយ មាននិស្សិតជាច្រើនដែលមានចំណង់ចំណូលចិត្តរៀនមុខជំនាញនេះដូចនាងដែរ។
បើតាមយុវតីរូបនេះ ចំពោះមុខជំនាញអក្សរសាស្រ្តខ្មែរគឺទាមទារឱ្យនិស្សិតទាំងអស់ប្រឹងប្រែងសិក្សាររៀនសូត្រឱ្យច្បាស់អំពីឫសគល់នៃពាក្យ ឧស្សាហ៍អានឱ្យបានច្រើនព្រោះបើខ្វះការអានវាពិបាក។
សុកធាបានបន្តថា គ្រឹះដែលសំខាន់បំផុតរបស់អ្នកសិក្សាអក្សរសាស្រ្តខ្មែរគឺការអាន មើល គិត ពិចារណា មិនថាមុខវិជ្ជាមួយណាទេគឺត្រូវមានសុចិបុលិជានិច្ចគឺត្រូវចេះស្តាប់ គិត សួរនិងកត់ត្រា។ ចំពោះជំនាញនេះនាងអាចអភិវឌ្ឍន៍ខ្លួនព្រមទាំងជួយលើកស្ទួយ តាមរយៈការសរសេរផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនផ្សេងៗទៀត ដែលមានជំនាញផ្សេង។
ចំពោះគុណសម្បត្តិនៃការរៀនអក្សរសាស្រ្តខ្មែរបានស៊ីជម្រៅឬចេះស្ទាត់នោះ សុកធារំពឺងថាអាចចាប់ជំនាញក្លាយជាគ្រូបង្រៀនភាសាខ្មែរ អ្នកសារព័ត៌មាន អ្នកចងក្រងសៀវភៅ អ្នកនិពន្ធ បណ្ណាធិការ ពិធីករឬពិធីការនី អ្នករដ្ឋបាល មន្ត្រីក្របខ័ណ្ឌនៅតាមក្រសួងស្ថាប័ននានា ឬអាចក្លាយទៅជាអ្នកសរសេររឿង ឬប្រលោមលោក ឬជាអ្នកវិភាគសង្គមទូទៅផងដែរ។ បើនិយាយឱ្យមែនទែនទៅគឺមានគុណសម្បត្តិច្រើនព្រោះមែកធាងវា មានទាំងភាសាវិទ្យា សង្គមវិទ្យា ប្រវត្តិសាស្រ្ត និងអក្សរសិល្ប៍ជាដើម។
តែគុណវិបត្តិវិញក៏មានខ្លះដែរ សម្រាប់អ្នកសិក្សាអក្សរសាស្ត្រខ្មែរគឺខ្វះខាតឯកសារក្នុងកាសិក្សារស្រាវជ្រាវ ហើយការសិក្សាអក្សរសាស្រ្តនេះគឺទាមទារឱ្យអានសៀវភៅឱ្យច្រើន ដែលធ្វើឱ្យអ្នករៀនពិបាកខ្លះដែរ ពីព្រោះអក្សរសាស្ត្រខ្មែរមិនដូចមុខវិជ្ជា រូប គណិត គីមីទេដែលត្រូវមានរូបមន្តធ្វើនោះ។
ក្នុងនាមនាងជានិស្សិតអក្សរសាស្ត្រខ្មែរ យុវតីកូនអ្នកពោធិ៍សាត់រូបនេះក៏អំពាវនាវ និងសំណូមពរដល់យុវជនត្រូវស្រឡាញ់ចូលចិត្តជំនាញមួយនេះខិតខំសិក្សារៀនសូត្រ ព្រោះថាការរៀនអក្សរសាស្ត្រមិនអាចចេះតែរៀនៗបាននោះទេ ទាល់តែស្រឡាញ់ មាននិស្ស័យ ហើយមានការតាំងចិត្តណាស់ទើបអាចរៀនបាន។ ម៉្យាងទៀតមិនមែនតែអក្សរសាស្ត្រខ្មែរទេរៀនអ្វីក៏ដោយ គ្រប់មុខជំនាញទាំងអស់គឺត្រូវផ្តោតហើយស្រឡាញ់ណាស់ ព្រោះអ្វីដែលត្រូវរៀនអត់ស្រឡាញ់ចូលចិត្តគឺពិបាកធ្វើចិត្តទទួលយកណាស់ ទាល់តែស្រឡាញ់ប្តូរផ្តាច់ ធ្វើម៉េចទាល់តែរៀនឱ្យស៊ីជម្រៅ ពិស្តារទើបយើងអាចទៅចាប់យកមុខជំនាញផ្សេងៗបាន៕