ពីមន្រ្តីកាទូតរហូតក្លាយជាមេដឹកនាំកំពូលកម្ពុជាជាង ៣០ឆ្នាំ សម្តេច ហ៊ុន សែន លើកទីមួយទៅទស្សនកិច្ចផ្ទាល់នៅរដ្ឋសភាកូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់តាំងពីប្រឡូកក្នុងវិស័យកាទូតនៅតាមបណ្តាប្រទេសលើពិភពលោក រហូតប្រែក្លាយជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ជាង ៣០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនដែលបានទៅដល់ទីតាំងរដ្ឋសភាប្រទេសកូរ៉េខាងត្បូង ម្តងណាឡើយ ខណៈថ្ងៃទី១១ កុម្ភៈនេះ សម្តេចទៅទស្សនកិច្ចដោយផ្ទាល់ និងបានសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េ លោក Park Byeong-Seung ទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ជើងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបសន្ទនាដោយផ្ទាល់ជាមួយប្រធានាធិបតីកូរ៉េ លោក Moon Jae-In និងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងស្នាក់នៅប្រកបរបរទទួលទាន និងបំពេញការងារ នៅទីនោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីជាសម្ដេចធ្លាប់អញ្ជើញមកប្រទេសកូរ៉េច្រើនដងរួចមកហើយក្តី តែសម្ដេចមិនដែលមកទស្សនកិច្ចនៅរដ្ឋសភាជាតិកូរ៉េនោះទេ។ ជាមួយគ្នានេះសម្ដេចបានអរគុណចំពោះប្រធានរដ្ឋសភាជាតិកូរ៉េ ដែលគាំទ្រប្រទេសកម្ពុជា ជាពិសេសគាំទ្រកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ និងគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។

សម្តេចគូសបញ្ជាក់ថា នេះ គឺជាការតភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ខណៈទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានភាពល្អប្រសើរ។ សម្តេចបន្តថា តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រហូតមកដល់ពេលនេះប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ រួចហើយ ដែលសភាជាតិនៃកម្ពុជា បានផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ។

សម្ដេចតេជោបង្ហាញពីក្តីសង្ឃឹមថា ប្រធានរដ្ឋសភាកូរ៉េ នឹងជួយជំរុញការផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងន័យនេះ សម្តេចតេជោ ចង់ឃើញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរតំណាងរាស្ត្រជាទូទៅនិងតំណាងរាស្ត្រជាស្ត្រី និងតំណាងរាស្រ្តវ័យក្មេង ក្នុងការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។

លើសពីនេះ នាយករដ្ឋមន្រ្តីកម្ពុជាសង្ឃឹមថា ប្រធានរដ្ឋសភាកូរ៉េ នឹងជំរុញលើកទឹកចិត្តឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតវាពេលខាងមុខ។

ប្រធានសភាជាតិកូរ៉េ លោក Park Byeong-Seung ក៏បានថ្លែងអរគុណសម្ដេចតេជោដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព នៅឧបទ្វីបកូរ៉េ តាមរយៈសម្ដេចបានធ្វើជាសហប្រធាននៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២នេះ។ 

ដោយឡែក ជុំវិញទាក់ទងទៅនឹងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ប្រធានរដ្ឋសភាកូរ៉េ បានលើកឡើងថា កូរ៉េ នឹងផ្ដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសអំឡុងពាក់កណ្ដាលឆ្នាំ២០២២ នេះ ហើយលោកនឹងធ្វើការងារនេះដោយផ្ទាល់។ 

ទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅថ្មីៗនេះ លោក Park Byeong-Seung បានគាំទ្រចំពោះតួនាទីអាស៊ាន ជាពិសេសគាំទ្រប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា និងគាំទ្រចំណុចឯកច្ឆន្ទទាំង៥ ដែលថ្នាក់ដឹកនាំអាស៊ានបានដាក់ចេញកន្លងមកនោះផងដែរ៕