កូនស្រីទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ត្រូវព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃសុក្រ ទី១១ កុម្ភៈនេះ។
ក្រៅតែពីកូនស្រីកន្លងមកកូនប្រុសពីរនាក់របស់លោក ឱម យ៉ិនទៀង ក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ សម្តេចព្រះនរោត្ដម សីហមុនី ដែលបានឡាយព្រះហស្តលេខានៅថ្ងៃទី២៣ មេសា តែងតាំង និងផ្ដល់ឋានៈឧបការី ឬជំនួយការអង្គភាពប្រឆាំងអំពើពុករលួយចំនួន ១៨នាក់ មានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។
ក្នុងព្រះរាជក្រឹត្យនោះ មានកូនប្រុសរបស់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២នាក់ មានឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា តែងតាំងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ៕