បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅឆ្នាំ២០២១ អង្គភាពស្វ័យតរបស់រដ្ឋនេះរកចំណូលបានប្រមាណ៩០លានដុល្លារ កើនឡើងជាង១០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២០។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៣៦៩ ១៤៥ ២៥៧ ពាន់រៀល ស្មើនឹងប្រមាណជាង៩០លានដុល្លារ ខណៈឆ្នាំ២០២០ រកចំណូលបាន ៣២៤ ៣៦៧ ៨៥៦ ពាន់រៀល ស្មើនឹងប្រមាណ៧៩ លានដុល្លារ។

ចំណែកប្រាក់ចំណេញ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន១៥៧ ០៩៦ ៣០១ពាន់រៀល ស្មើនឹងប្រមាណ៣៨លានដុល្លារ (មិនទាន់សវនកម្ម) កើនឡើងប្រមាណ១០លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ចំណេញបានចំនួន១២៩ ៥៨៦ ៦៧២ពាន់រៀល ស្មើនឹងប្រមាណជាង៣១លានដុល្លារអាមេរិក (សវនកម្មរួច)។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ក) បង្កើតឡើងក្នុងទម្រង់ជាគ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ស្ថិតក្រោមច្បាប់ស្តីពីសហគ្រាសសាធារណៈ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ក បានចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ដោយបានបោះផ្សាយលក់ភាគហ៊ុនធម្មតាចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន ដែលស្មើនឹង១៥%នៃចំនួនភាគហ៊ុនធម្មតាសរុប។
បេសកកម្មរបស់រ.ទ.ស.ក.គឺធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃសមស្រប ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ៕