លោក ប្រាក់ សោភ័ណ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរងខេត្តសៀមរាប ខណៈលោក ង៉ាន់ ភិរុណ ត្រូវផ្ទេរភារកិច្ចពីអភិបាលរង មកកាន់មុខតំណែងជាអគ្គាធិការរងនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃវិញ។ នេះបើតាមអនុក្រឹត្យមួយចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោក ប្រាក់ សោភ័ណ មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ត្រូវបានគេស្គាល់ថាជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

ចំណែក លោក ង៉ាន់ ភិរុណ មុនកាន់តដំណែងជាអភិបាលរងខេត្តសៀមរាប លោកមានឋានន្តរសកិ្ត វរៈមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសលោក សង់ រីហា អភិបាលរងខេត្ត ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។

សូមជម្រាបថា បច្ចុប្បន្នគណៈអភិបាលខេត្តសៀមរាប មានចំនួន ៧រូប ក្នុងនោះលោក ទៀ សីហា អភិបាលខេត្ត និងអមដោយអភិបាលរងខេត្តចំនួន ៦រូបផ្សេងទៀត ដូចជា លោក លី សំរិទ្ធ លោក ពៅ ពិសិដ្ឋ លោកស្រី យូ សុភា លោក ពិន ប្រាកដ លោក នាក់ ណេរ៉ុន និងលោក ង៉ាន់ ភិរុណ ដែលត្រូវផ្ទាល់មកកាន់អគ្គាធិការរងនៃក្រសួងមហាផ្ទៃដោយជំនួសមកវិញ គឺលោក ប្រាក់ សោភ័ណ ជាអភិបាលរងខេត្តថ្មី៕