សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» ដែលត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពពិភពលោក និងបណ្តាមេដឹកនាំ អតីតមេដឹកនាំមកពីបណ្តាប្រទេសនានាជាច្រើនរូបទៀត។
នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឡើងថ្លែងសុន្ទរកថាជាកិច្ចស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់ ដែលជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច សម្រាប់កិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងការរកនូវសុខសន្តិភាពសម្រាប់កម្ពុជា។

ជាមួយគ្នានេះ កូនស្រីច្បងសម្តេចតេជោ ហ៊ុន សែន និងអគ្គនាយិការស្ថានីយ៍ទូរទស្សន៍ បាយ័ន លោកស្រី ហ៊ុន ម៉ាណា ក៏បានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពក្នុងនាមជាកូន ព្រមទាំងជាពលរដ្ឋម្នាក់ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ក្នុងការទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នាថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈនេះ។
លោកស្រីលើកឡើងថា តាមរយៈពានរង្វាន់ដ៏មហាកិត្តិយសនេះ គឺពិតជាស័ក្តិសមណាស់សម្រាប់លោកពុក ជាអ្នកដឹកនាំប្រទេសជាតិដែលពុកបានយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ។

លោកស្រីបានសង្កត់ធ្ងន់ថា ការផ្តល់ពានរង្វាន់នេះ កេីតចេញការវាយតម្លៃយ៉ាងល្អិតល្អន់របស់គណ:កម្មការនៃមូលនិធិសន្តិភាពស៊ុនហាក់ ពីព្រោះ ពុកជាមេដឹកនាំ ជាឥស្សរជននយោបាយ ដែលបានធ្វេីពលីកម្ម គ្រប់បែបយ៉ាង ដេីម្បីបុព្វហេតុសន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ជាពិសេសការរំដោះប្រជាជនពីរបបវាលពិឃាដ រហូតដល់ការបង្រួបបង្រួមជាតិ និងស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជាដល់សព្វថ្ងៃនេះ។