ប្រធានក្រុមប្រឹក្សាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា ផលិតផលសរុបពលរដ្ឋខេត្តកំពង់ចាម (GDP) ម្នាក់ៗទទួលបានជាង ១ ៦៧៩ដុល្លារ ធ្វើឲ្យអត្រានៃភាពក្រីក្រថយចុះមកត្រឹម ១៣.២ភាគរយនៅឆ្នាំ២០២១។
លោកខ្លូត ផន ប្រធានក្រុមប្រឹកក្សាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ គឺវិស័យកសិកម្ម សេវាកម្ម និងវិស័យសិប្បកម្ម ក្នុងនោះប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មជាចម្បងស្មើនឹង ៦៦,២%, ឧស្សាហកម្មនិងសិប្បកម្ម ០,៦៧% និងសេវាកម្ម ៣៥,១៣%។
ខេត្តកំពង់ចាមមានផ្ទៃដី ៤.៥៤៨,០៩គីឡូម៉ែត្រការ៉េ មានសណ្ឋានដីចែកជាបីតំបន់ មានតំបន់ដងទន្លេ, តំបន់វាលទំនាប និងតំបន់ខ្ពង់រាប មានព្រំប្រទល់ខាងត្បូងជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង, ខាងកើតជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ, ខាងជើងជាប់ខេត្តកំពង់ធំ, និងខាងលិចជាប់ ខេត្តកំពង់ឆ្នាំង។ ដង់ស៊ីតេប្រជាជន ២៤២នាក់/គ.ម២ ប្រជាជនមានអាយុ១៨ឆ្នាំឡើងចំនួន ៧៤៥.០៩២នាក់ ។
បើតាមជំរឿនឆ្នាំ២០១៩ ខេត្តកំពង់ចាមមានប្រជាជនសរុប ៨៩៥ ៧៦៣ នាក់។ ក្នុងឆ្នាំ២០១៩កន្លងមកនេះទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមសរុបប្រមាណ ៧.៦១៧.០៨២លានរៀល (ប្រាំពីរលានប្រាំមួយរយដប់ប្រាំពីរពាន់ប៉ែតសិបពីរលានរៀលគត់) គិតជាដុល្លារ ១,៨៧១,៥០ លានដុល្លារ ស្មើនឹង៧,១%នៃសេដ្ឋកិច្ចជាតិសរុប។ កំណើនសេដ្ឋកិច្ចទទួលបានពីវិស័យកសិកម្ម ៣៨% សិប្បកម្ម ១៩% និងសេវាកម្ម ៤៣%៕