រដ្ឋមន្ត្រីការបរទេសអាស៊ានចំនួនពីរប្រទេសបានមកដល់កម្ពុជា ខណៈរដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានរួចហើយ លើកលែងតែប្រទេសភូមាចេញ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានមកដល់នៅថ្ងៃរសៀល ទី១៥ កុម្ភៈ មានរដ្ឋមន្រ្តីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី។
ហើយរដ្ឋមន្រ្តីការបរទេសដែលនឹងមកបន្តបន្ទាប់ រួមមានប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី រួមនឹងកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ ចំណែក រដ្ឋមន្រ្តីការបរទេសថៃ និងប្រ៊ុយណេ បានបញ្ជាក់ពីការចូលរួមប្រជុំតាមអនឡាញ។
កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន នឹងត្រូវរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន(AFMR)នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយផ្តល់ជម្រើស២ សម្រាប់ការចូលរួម គឺដោយផ្ទាល់ និងតាមអនឡាញ។
យ៉ាងណា ជុំវិញប្រធានបទដែលត្រូវលើកមកជជែកក្រសួងការបរទេសកម្ពុជា មិនទាន់បានឲ្យដឹងនៅឡើយ ប៉ុន្តែភាពចម្រូងចម្រាសជុំវិញបញ្ហាភូមា ត្រូវបានគេមើលឃើញថាជាហេតុផលមួយ ខណៈសមាជិកអាស៊ានទាំងមូលបង្ហាញជំហតម្រូវឲ្យរបបយោធាភូមាត្រូវតែគោរពគោលការណ៍ជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានឲ្យបាន៕