តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ៍ ទី១៥ កុម្ភៈនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ការបង្កើតច្រកទ្វារអ៊ីនធឺណែតជាតិនេះ ធ្វើឡើងដើម្បីបង្កើនការប្រមូលចំណូលជាតិ ហើយមិនមែនប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬរឹតត្បិតសេរីភាពបញ្ចេញមតិអ្វីនោះទេ។ ការចេញមកពន្យល់របស់ក្រសួងការបរទេសកម្ពុជាធ្វើឡើង បន្ទាប់ពីមានការបកស្រាយពីអង្គការសង្គមស៊ីវិលជុំវិញការបង្កើតច្រកទ្វារអ៊ីនធឺណែតជាតិនេះ ខណៈរដ្ឋាភិបាលគ្រោងនឹងអនុម័តឲ្យប្រើប្រាស់ឆាប់ៗខាងមុខនេះ។
បើតាមក្រសួងការបរទេស ច្រកទ្វារអ៊ីនធឺណែតជាតិនេះ មានគោលបំណងសម្របសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណែត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ។ លើសពីនេះគឺសម្រាប់ទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ីនធឺណែតជាដើម។
ចំណែកឯបញ្ហាព្រួយបារម្ភអំពីការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិនោះ ក្រសួងការបរទេស លើកឡើងថា ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
សូមជម្រាបថា ការបង្កើតច្រកទ្វារអ៊ីនធឺណែតជាតិនេះ ត្រូវបានក្រុមអ្នកជំនាញនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បង្ហាញកង្វល់ខ្លួនតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីដើមខែកុម្ភៈ។ ជាមួយគ្នានេះអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏សម្តែងក្តីបារម្ភជាខ្លាំងចំពោះសិទ្ធិឯកជនភាព។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានបន្តរក្សាជំហរដ្ឋាភិបាល ដោយអះអាងថា ការបង្កើតច្រកទ្វារអ៊ីនធឺណែតនេះ ធ្វើឡើងដោយតម្លាភាព និងបានពិភាក្សាជាមួយអ្នកជំនាញពាក់ព័ន្ធជាច្រើនលើកច្រើនសារ។ ហើយ រដ្ឋាភិបាលក៏តែងតែគោរពនូវសិទ្ធិឯកជនភាព និងសេរីភាពបញ្ចេញមតិ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕