កើតនៅរាជធានីភ្នំពេញ លោក ចម ប្រសិទ្ធ មានវ័យ ៧១ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលកាន់តំណែងជាង ២០ឆ្នាំ មុនផ្លាស់ទៅដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅដើមឆ្នាំ២០១៤។

លោក ចម ប្រសិទ្ធ បញ្ចប់ការសិក្សាបរិញ្ញាបត្រពាណិជ្ជសាស្រ្ត និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភ្នំពេញ ក្នុងឆ្នាំ ១៩៧៣។ ក្នុងឆ្នាំ ២០០៥ ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ អាសវូឌ (Ashwood University) នៅសហរដ្ឋអាមេរិក។
លោក ប្រសិទ្ធ ក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃសកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ ២០០៧។ ក្នុងនោះ លោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច និងនយោបាយសេដ្ឋកិច្ចនៃសកលវិទ្យាល័យចម្រើនពហុបច្ចេកវិជ្ជា (CUP) នៅឆ្នាំ២០១០ និងសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សកលវិទ្យាល័យ Shinhan (ROK) ឆ្នាំ២០០៧។
លោកជាឥស្សរៈជនម្នាក់ដែលបានជ្រោមជ្រែងកម្ពុជា ចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO ក្នុងតួនាទីជាប្រធានក្រុមចរចារបស់កម្ពុជា ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៤ និងធ្លាប់ដំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣។

នៅក្នុងវិស័យពាណិជ្ជកម្ម ក៏បានចូលរួមក្នុងគម្រោងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលប្រកាសកាលពីឆ្នាំ២០០៥ ដែលមានគោលបំណងផលិតកែច្នៃទំនិញនាំចេញ ដើម្បីទាក់ទាញឧស្សាហកម្មពីប្រទេសជិតខាង។ បន្ថែមទៅទៀត លោកក៏បានទទួលតួនាទីនិងភារកិច្ចសំខាន់ជាច្រើនទៀត លើកិច្ចការពាណិជ្ជកម្មនៅប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងជាប្រធានក្រុមពិភាក្សារវាងវិស័យឯកជនដើម្បីលើកកម្ពស់ពាណិជ្ជកម្មជាដើម៕