នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ។
លោក វីវៀន បានគូសបញ្ជាក់ពីកម្ពុជាដែលបានទទួលនូវ ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ។
លោកបន្តថា នេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។
ថ្លែងក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យមានការជំរុញ ការវិនិយោគមកកម្ពុជាកាន់តែច្រើនឡើង ដើម៧ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ។ លើសពីនេះ សម្តេចក៏សូមឲ្យពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។
ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានឃ្លាតរំលេចផងដែរពី គោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា គឺធ្វើយ៉ាងណា កាត់បន្ថយឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ការរកវិធី ផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងបង្កើតនូវការសន្ទនា៕