ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ក្លងទៅ ធ្លាប់បានបញ្ជាក់ថា សំណើគម្រោងអភិវឌ្ឍន៍ «បឹងអច្ឆរិយៈអង្គរ» នៅក្នុងខេត្តសៀមរាបរបស់ក្រុមហ៊ុនណាហ្គាខប ឬ ណាហ្គាវើលដ៍ ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះ។ ការបដិសេធនេះ គឺក្រោយពេលដែលក្រសួងវប្បធម៌ បានប្រជុំ និងស្ដាប់យោបល់ពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ក៏ដូចជាអ្នកជំនាញការ «Ad Hoc» និងអង្គការយូណេស្កូ។ កិច្ចប្រជុំនោះ បានបញ្ជាក់ច្បាស់ហើយថា គម្រោងនេះអាចមានផលប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនណាហ្គាវើលដ៏ ដែលជាក្រុមហ៊ុនកាស៊ីណូដ៏ធំជាងគេបំផុតនៅកម្ពុជា បានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្មីមួយនៅលើទឹកដីខេត្តសៀមរាប គឺគម្រោង Angkor Lake of Wonder ដែលមានន័យថា «បឹងអច្ឆរិយៈអង្គរ» ក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារ នៅលើផ្ទៃដី ៧៥ហិកតា ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីតំបន់រមណីយដ្ឋានអង្គរ។
គម្រោងដដែលនេះ មានការរៀបចំជាសួនទឹក ផ្សាររាត្រី សណ្ឋាគារ ភោជនីយដ្ឋានជាដើម ដែលគ្រោងនឹងរួមចំណែកអភិវឌ្ឍន៍ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។ ក្នុងគម្រោងរបស់ ណាហ្គាវើលដ៍ នេះ ក៏គ្រោងបង្កើតតំបន់កម្សាន្ដមួយ ដែលមានឈ្មោះថា Siem Reap China Town ដែលនឹងមានការលក់អាហារតាមផ្លូវ ការប្រគុំតន្ត្រី ការដើរទិញទំនិញ រួមជាមួយនឹងសួនច្បារ និងទឹកផងដែរ។
ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ធ្លាប់ប្រកាសដែរថា គម្រោងនេះពុំមានបញ្ចូលល្បែងកាស៊ីណូឡើយ។
យ៉ាងណាក៏ដោយ កាលពីខែកុម្ភៈ ឆ្នាំ២០២១ អង្គការយូណេស្កូ (UNESCO) អះអាងក្នុងកិច្ចប្រជុំមួយថា អ្នកជំនាញក្នុងវិស័យអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបង្ហាញក្តីបារម្ភ និងជំទាស់ចំពោះគម្រោងសាងសង់រមណីយដ្ឋាន សិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខប ដែលមានទំហំ៧៥ ហិកតា មានទីតាំងស្ថិតនៅជិតតំបន់អង្គរ។
យូណេស្កូបញ្ជាក់ថា គម្រោងសាងសង់រមណីយដ្ឋានសប្បនិមិត្តនេះ គឺវាកៀកគ្នាទៅនឹងតំបន់ការពារ ហើយអាចប៉ះពាល់ជាក់ស្តែងដល់គុណតម្លៃជាសកល របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូកាលពីខែឆ្នូ ឆ្នាំ១៩៩២រួចទៅហើយនោះ។
ក្នុងឆ្នាំ១៩៨៩ គឺសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលមានព្រះរាជតម្រិះ ស្នេីសុំឱ្យយូណេស្កូដាក់តំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ ដែលឡាយព្រះហស្ថលេខាដោយព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងមាត្រា ១ បានឲ្យដឹងថា សម្រេចឲ្យត្រួតពិនិត្យការអភិវឌ្ឍន៍តំបន់អង្គរ ដោយគោរពតាមប្លង់កំណត់តំបន់មួយ។ មាត្រា ២ បញ្ជាក់ថា រម្មណីយដ្ឋានវប្បធម៌ក្នុងប្លង់នេះត្រូវចាត់ជាប្រាំប្រភេទ។ ប្រភេទនីមួយៗ ត្រូវទទួលកំរិតការពារខុសៗគ្នា ដោយតំបន់១ រមណីយដ្ឋានមានប្រាសាទ តំបន់២ ឧទ្យានបុរាណវត្ថុ ត្រូវការពារ តំបន់៣ ទេសភាពវប្បធម៌ ត្រូវការពារ តំបន់៤ ចំណុចមានសារៈសំខាន់ ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬប្រវិត្តិវិទ្យា និងតំបន់៥ បរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរ៕